ដំណើរផ្សងព្រេងទៅតំបន់ភ្នំម្រេចកង្កែបនៃជ្រលងតំបន់អារ៉ែង សប្បាយកប់ !
បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំតំបន់ទេសចរណ៍ផ្សងព្រេង (Jungle Trekking Adventure Tourism) នៅសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានដឹកនាំក្រុមការងារនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ ធ្វើដំណើរទស្សនកិច្ចស្វែងយល់តំបន់ទេសចរណ៍ផ្សងព្រេងនៃភ្នំម្រេចកង្កែបនៃតំបន់អារ៉ែង ។
ក្រុមការងារបានធ្វើដំណើរដោយថ្មើរជើងឡើងភ្នំម្រេចកង្កែបនេះ ដោយមានការរៀបចំ និង ឧទ្ទេសនាមដោយលោក ទូច សុផានី ប្រធានគម្រោងអេកូទេសចរណ៍ជីផាត និង អារ៉ែង ,លោក ទិត្យ លី ប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និង សមាជិកសហគមន៍ ដែលជាមគ្គទេសក៏ និងចុងភៅព្រៃ ។
ភ្នំម្រេចកង្កែប ជាភ្នំមួយដែលភ្ញៀវទេសចរបែបផ្សងព្រេងមិនដែលរំលង ពេលទៅកម្សាន្តនៅតំបន់អារ៉ែង។ ភ្នំនេះជាជួរភ្នំមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តតំបន់អារ៉ែង នៅក្នុងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង និង មានទីតាំងមិនឆ្ងាយប៉ុន្មានពីភូមិជំនាប់នោះទេ ដែលភ្ញៀវទេសចរអាចធ្វើដំណើរប្រហែល ២ ទៅ ៣ ម៉ោងដោយថ្មើរជើរ លើផ្លូវប្រមាណជា ៦គីឡូម៉ែត្រ និង ត្រូវឡើងតាមជម្រៀលភ្នំផងដែរ ។
ភ្ញៀវទេសចរអាចសម្រាកនៅលើភ្នំជាលក្ខណៈបោះតង់ ឬ គេងអង្រឹង បរិភោគអាហារជុំវិញភ្នក់ភ្លើងដែលចម្អិនដោយចុងភៅព្រៃរបស់សហគមន៍ អង្គុយបណ្តែតអារម្មណ៍ជាមួយធម្មជាតិ គយគន់ថ្ងៃរះជាមួយអ័ព្ទនាពេលព្រឹកព្រលឹម ជាពិសេសទៅទៀតនោះ គឺការងូតទឹកស្ទឹងដ៏ត្រជាក់នៅលើកំពូលភ្នំ ។
កន្លងមក ក្រុមការងារក្រសួងទេសចរណ៍ បានសហការជាមួយមន្ទីរទេសចរណ៍ខេត្តកោះកុង និង សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែងរៀបចំប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ផ្សងព្រេង ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ដែលស្រលាញ់ការផ្សងព្រេង និង ធម្មជាតិ ៕
ដោយ៖សុថាត់