រីករាយជាមួយដំណើរកម្សាន្តបែបផ្សងព្រេងទៅបោះជំរំក្នុងព្រៃនៅតំបន់គិរីរម្យ
ភ្ញៀវទេសចរអាចធ្វើដំណើរពីក្រុងភ្នំពេញទៅទស្សនារមណីយដ្ឋានគិរីរម្យបានតាមរយៈកំណាត់ផ្លូវជាតិលេខ៤ បន្ទាប់ពីធ្វើដំណើរទៅដល់បង្គោលគីឡូម៉ែត្រលេខ ៨៧ នៅចំណុចផ្លូវបំបែកត្រែងត្រយឹងនឹងបានឃើញផ្លូវបំបែកទៅខាងស្តាំដៃមួយឆ្ពោះទៅកាន់តំបន់គិរីរម្យ ដែលមានសម្ងាយផ្លូវប្រមាណជា ២៧ គីឡូម៉ែត្រ។ បើធ្វើដំណើរពីរាជធានីភ្នំពេញទៅគឺមានចម្ងាយ ១១៤ គីឡូម៉ែត្រ និង ១៤៧ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ឬ ចម្ងាយ ៤៤គីឡូម៉ែត្រពីផ្សារកំពង់ស្ពឺ។
នៅរមណីយដ្ឋានឧទ្យានជាតិគិរីរម្យមានភ្ញៀវទេសចរមកពីទីក្រុងភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនបាននាំគ្នាទៅសម្រាកលម្ហែកាយ ជាមួយនឹងសម្រស់ទេសភាពព្រៃស្រល់ និង ព្រៃឈើដែលមាននៅក្នុងតំបន់នោះជាច្រើនប្រភេទ ។ ភ្ញៀវទេសចរជាតិ និង អន្តរជាតិអាចជួបជុំទទួលទានអាហារពិចនិកដ៏ឈ្ងុយឆ្ងាញ់ ដែលមានដាក់លក់ជូននៅតាមខ្ចូសនាមាត់ស្ទឹងក្នុងតម្លៃសមរម្យ ក៏ដូចជាការបោះជំរំនៅក្នុងព្រៃប្រកបដោយភាពរ៉ូមែនទិក ។
រមណីយដ្ឋានគិរីរម្យទាំងមូលមានលក្ខណៈល្អប្រសើរ ពោលគឺអាចមកសម្រាកលម្ហែកាយលេងសប្បាយបានគ្រប់រដូវកាលតែម្តង។ នៅគិរីរម្យភ្ញៀវទេសចរអាចទៅលេងកម្សាន្តបាននៅតាមកន្លែងមួយចំនួនទៀត ដូចជារមណីយដ្ឋានទឹកជ្រោះ ភ្នំ ដំណាក់ចាស់ ដំណាក់ថ្មី តំបន់ស្រះស្រង់ តំបន់ទឹកធ្លាក់ ជ្រោះអូរតាហ៊ុយ តំបន់ចម្ការតែ ភ្នំថ្មដា និង រមណីយដ្ឋាន ដែលទើបបង្កើតថ្មីៗជាច្រើនទៀត ។
រមណីយដ្ឋានធម្មជាតិមួយនេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងតាំងពីសម័យសង្គម រាស្រ្តនិយមមកម្ល៉េះ ព្រោះនៅទីនោះមានទេសភាពព្រៃស្រល់ស្អាតណាស់ ប្រៀបបានទៅនឹងព្រៃស្រល់នៅប្រទេសបារាំងដែរ។ ជាពិសេសមានទឹកធ្លាក់ដ៏ត្រជាក់ស្រិប និង ហ្វូងសត្វម្រឹគ ផ្កាព្រៃរីកចម្រុះពណ៌ លម្អនៅតាមវាលស្មៅប្រឡោះដើមស្រល់មើលទៅគួរឱ្យជក់ចិត្ត។ គិរីរម្យគឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដែលមានសម្រស់ទេសភាពប្រៀបបាននឹងឋានសួគ៌លម្អដោយដើមស្រល់ដុះពីធម្មជាតិនៅលើខ្ពង់រាបនិង មានទឹកជ្រោះជាច្រើនកន្លែងរួមទាំងហ្វូងម្រឹគី ម្រឹគារស់នៅផងដែរ ។
ឧទ្យានជាតិគិរីរម្យ មានផ្ទៃដីប្រមាណជា ៨ ៤០១ ហិកតា ដែលស្ថិតនៅលើខ្ពង់រាប មានកម្ពស់ចាប់ពី ៣០០ ទៅ ១០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហើយរមណីយដ្ឋាននេះគឺជាតំបន់ឧទ្យានធម្មជាតិដ៏ធំ និងនៅជិតរាជធានីភ្នំពេញផងដែរ។ តំបន់នេះរាជរដ្ឋាភិបាលកម្ពុជាបានចុះបញ្ជីជាឧទ្យានជាតិព្រះសុរាម្រឹត ដែលមានផ្ទៃដីទំហំ ៥ ០០០ ហិកតា តាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុចុះ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ និង បានសម្ពោធជាផ្លូវការនៅ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩៩៥ ហើយក៏បានចងក្រងទុកជាប្រវត្តិផងដែរ ៕
ដោយ៖សុថាត់ (រុបថតហ្វេប៊ុក)