បឹងទន្លេសាប មានវិសាលភាពធំបែបនេះផង !
ប្រជាជនកម្ពុជាភាគច្រើនស្គាល់បឹងទន្លេសាប តែគេមិនទាន់ដឹងពីវិសាលភាពដ៏ធំរបស់បឹងនេះ នោះទេ ។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និង ជាជម្រកមច្ឆាជាតិ ដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា ហើយបឹងទន្លេសាប (Tonlé Sap)ក៏ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ដែរ ។
នៅរដូវប្រាំងបឹងទន្លេសាបមានទំហំតូចប្រហែល ២.៧០០ គីឡូម៉ែត្រក្រឡា និង មានជម្រៅប្រហែល ១ ម៉ែត្រប៉ុណ្ណោះ តែបើនៅរដូវវស្សាវិញ ទឹកទន្លេមេគង្គច្រាលឡើងតាមទន្លេសាប ចូលមក បឹងទន្លេសាបធ្វើឱ្យបឹងនេះមានទំហំដល់ទៅ ១៦.០០០ គីឡូម៉ែត្រការ៉េ និង ជម្រៅដល់ទៅ ៩ ម៉ែត្រ ។
ដូច្នេះបឹងទន្លេសាបពង្រីកវិសាលភាពរបស់ខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់ ព្រៃ រនាម ដែលនៅជុំវិញ បង្កលក្ខខណ្ឌអនុគ្រោះដល់ការពងកូនរបស់មច្ឆាជាតិ ។ កត្តានេះហើយ ដែលធ្វើឱ្យបឹងទន្លេសាប ក្លាយជាប្រភពត្រីទឹកសាបធំជាងគេនៅលើពិភពលោក ។ បឹងទន្លេសាប ផ្គត់ផ្គង់ជីវភាពប្រជាជនកម្ពុជាប្រមាណជាង ៣ លាននាក់ ផ្តល់ត្រីទឹកសាប ៧៥% នៃ ផលិតផលត្រីទឹកសាបសរុបក្នុងប្រទេស ។ នៅចុងរដូវវស្សា ទឹកចាប់ស្រក ជាពេលដែលត្រីធំធាត់ពេញរូបរាង ហើយក៏ជាពេលដែលរដូវនេសាទ ចាប់ផ្តើមនៅទូទាំងប្រទេសផងដែរ ។ ដីល្បាប់ដែលហូរមកចាក់ក្នុងបឹងជារៀងរាល់ឆ្នាំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ឋអេកូឡូស៊ី ដោយផ្តល់នូវដីមានជីវជាតិដល់តំបន់ព្រៃរនាម ។
ចរន្តទឹកដែលហូរបញ្ច្រាសគ្នាចូល និង ចេញពីបឹងទន្លេសាប ជាលក្ខខណ្ឌការពារទឹកជំនន់នៅរដូវវស្សា និង ការខ្វះខាតទឹកនៅរដូវប្រាំង ។ នៅរដូវវស្សាបឹងទន្លេសាបផ្តល់៥០ភាគរយនៃទឹកដែលហូរទៅស្រោចស្រពតំបន់ដីសណ្តរទន្លេមេគង្គ ។
ដៃបឹងទន្លេសាបផ្នែកខាងឆ្វេងមាន ៖ ស្ទឹងស្រែង មានប្រភពពីភ្នំដងរែក ,ស្ទឹងសៀមរាបមានប្រភពមកពីភ្នំគូលែន , ស្ទឹងរលួស , ស្ទឹងជីក្រែង , ស្ទឹងស្ទោង , ស្ទឹងសែន ដែលមានប្រវែង ៤៥០ គីឡូម៉ែត្រ ។
ចំណែកដៃបឹងទន្លេសាបខាងស្ដាំមាន៖ ស្ទឹងសេរីសោភ័ណ្ឌ , ស្ទឹងមង្គលបូរី , ស្ទឹងសង្កែ , ស្ទឹងមោង (ស្ទឹងដូនតី) , ស្ទឹងស្វាយដូនកែវ , ស្ទឹងពោធិសាត់ និង ស្ទឹងបូរិបូណ៌ ៕
ដោយ ៖ ដេវីត