បានទៅប្រទេសវៀតណាម បើមិនចង់ព្រឺឆ្អឹងខ្នងទេ មិនបាច់ទៅលេងកន្លែងទាំង ២ នេះឡើយ
អប្បិយជំនឿនៅតែជារឿងដ៏សំខាន់ និង រឹងមាំសម្រាប់ប្រជាជនអាស៊ី ដែលមនុស្សជំនាន់ក្រោយនៅតែជឿ និង ខ្លាចរអា ហើយអប្បិយជំនឿទាំងនោះគឺផ្ដោតទៅលើព្រលឹងខ្មោច អារក្ខ អ្នកតា ព្រាយ អសុរកាយ អាប ធ្មប់ ជាដើម ។ ជាមួយគ្នានេះដែរ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកទីតាំងចំនួន ២ ក្នុងប្រទេសវៀតណាម ដែលគេជឿថា ជាកន្លែងដែលមានខ្មោចលងខ្លាំងបំផុតប្រចាំប្រទេស ។ ចង់ដឹងថា កន្លែងណាខ្លះ សូមអានការបង្ហាញជូនខាងក្រោមនេះទាំងអស់គ្នា ៖
១-សារមន្ទីរ វិចិត្រសិល្បៈ ក្រុងហូជីមិញ
សារមន្ទីរវិចិត្រសិល្បៈខាងលើនេះបានបើកដំណើរការកាលពីឆ្នាំ ១៩៣៤ ។ សារៈមន្ទីរនេះធ្លាប់ជាផ្ទះរបស់អ្នកជំនួញធំខាងអចលនៈទ្រព្យម្នាក់ឈ្មោះលោក Hui Bi Hua ។ លោក Hui Bi Hua មានកូនស្រីម្នាក់កើតជំងឺឃ្លង់ ដែលវាត្រូវបានឆ្លងរាតត្បាតទូទាំងទីក្រុង ហើយនាងក៏បានក្រុមគ្រួសារយកទៅឃុំនៅជាន់លើបង្អស់នៃផ្ទះ អស់រយៈពេលជាច្រើនឆ្នាំ ។ ក្រោយមក ដោយសារលំបាកខ្លាំងពេកនារីវ័យក្មេងរូបនោះក៏បានសម្រេចចិត្តធ្វើអត្តឃាត ហើយអ្នកស្រុកមានជំនឿថាវិញ្ញាណរបស់នាងគឺវិលវល់ក្នុងផ្ទះនេះ ព្រោះពេលខ្លះគេបានឃើញព្រលឹងខ្មោចរបស់នាងដើរចេញចូលផ្ទះតាមរយៈក្លោងទ្វារ ព្រមទាំងឮសំឡេងនាងច្រៀង យំ សើច ទៀតផង ។ គួរបញ្ជាក់ថា សារមន្ទីរវិចិត្រសិល្បៈខាងលើស្ថិតនៅតំបន់ 97A Phó Đức Chính ខណ្ឌ Ben Thanh ក្រុងហូជីមិញ ។
២ ឧទ្យាន Tao Dan
ឧទ្យាន Tao Dan ត្រូវបានប្រជាពលរដ្ឋវៀតណាមជាច្រើននាក់ស្គាល់ថា ជាកន្លែងដែលមានខ្មោចលងបំផុតក្នុងប្រទេសវៀតណាម ។ នៅឧទ្យាន Tao Dan គេជឿថា មានព្រលឹងមនុស្សប្រុសម្នាក់វិលវល់តាមរកគូស្នេហ៍របស់គេ នេះបើយោងតាមរឿងការតំណាលតគ្នាមួយបានឱ្យដឹងថា គូស្នេហ៍មួយគូបាននាំគ្នាទៅហែលទឹកលេងនៅឧទ្យាននេះ ហើយក្រោយមកពួកគេក៏ត្រូវបានរងនូវការបាញ់ប្រហារពីសំណាក់ជនមិនស្គាល់មុខរហូតដល់ធ្វើឱ្យបុរសជាគូស្នេហ៍ស្លាប់ ចំណែកមិត្តស្រីរបស់គេបានរត់គេចខ្លួន ។ ដូច្នេះហើយព្រលឹងរបស់អ្នកស្លាប់តែងតែបង្ហាញខ្លួនឱ្យគេឯងបានឃើញជាញឹកញាប់ ហើយមនុស្សទាំងនោះបានកាត់យល់ថា គេប្រហែលជានៅមិនអស់អាល័យពីមិត្តស្រី ហើយនៅតែស្វែងរកនាងជានិច្ច ។
នៅកន្លែងជាមួយគ្នានេះដែរ ក៏មានបុរសម្នាក់ឈ្មោះ Tuan ត្រូវបានគេសម្លាប់ ហើយវិញ្ញាណរបស់គេនៅវិលវល់ តែលតោល និង បង្ហាញឱ្យគេឯងបានឃើញដែរ ។ ក្រៅពីនេះ ចំណេរកាលតមកក៏មានមនុស្សជាច្រើននាក់បានស្លាប់ និង បាត់ខ្លួននៅក្នុងឧទ្យាន Tao Dan យ៉ាងអាថ៌កំបាំង ។ សូមបញ្ជាក់ថា សារមន្ទីរ វិចិត្រសិល្បៈ ក្រុងហូជីមិញ និង ឧទ្យាន Tao Dan គឺមានចម្ងាយមិនឆ្ងាយពីគ្នាឡើយ ដោយគ្រាន់តែធ្វើដំណើរចេញពីសារមន្ទីរ វិចិត្រសិល្បៈបន្តិចប៉ុណ្ណោះ នឹងទៅដល់ ឧទ្យាន Tao Dan ហើយ ហើយកន្លែងទាំងពីរនេះ គឺជាកន្លែងខ្មោចលងដ៏ព្រឺព្រួចបំផុតក្នុងប្រទេសវៀតណាម ៕
ដោយ៖ ម៉ានី
ប្រភព៖ scmp