ទៅលេងសៀមរាប កុំភ្លេចទៅបោះតង់សម្រាកនៅសួនទន្សាយ
នេះជាបរិយាកាសថ្មីមួយទៀត ដែលភ្ញៀវទេសចរទាំងឡាយ កាលបើបានទៅលេងនៅខេត្តសៀមរាប ដែលធ្លាប់តែសម្រាកនៅសណ្ឋារគារប្រណិតៗនោះ គួរតែផ្លាស់ប្តូរ បរិយាកាសថ្មីវិញម្តង ជាមួយនឹងការបោះតង់សម្រាកពេលរាត្រី នៅសួនទន្សាយ វានឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ ស្រស់ស្រាយ និង ប្លែកជាមិនខានឡើយ ។
សួនទន្សាយនេះ មានទីតាំងនៅខាងលិច ភូមិក្របីរាល ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ត្រូវបានសង់នៅចំកណ្តាលវាលស្រែ ដែលមានធម្មជាតិ បៃតង យ៉ាងស្រស់បំព្រង មានខ្យល់អាកាសល្អបរិសុទ្ធ ត្រជាក់ស្រឹបពីទន្លេសាប រមណីយដ្ឋាននេះសង់នៅលើផ្ទៃដីទំហំជាង ៦ ហិកតា គួរជាទីគយគន់តាមបែបធម្មជាតិនៃជនបទស្រុកស្រែចម្ការ មើលទៅមានទេសភាពធម្មជាតិយ៉ាងស្រស់ស្អាត ។
ភ្ញៀវទេសចរ ដែលមកសម្រាកលំហែកាយ បោះតង់សម្រាកនៅសួនទន្សាយនេះ ហើយភ្ញៀវអាចពិសារអាហារយ៉ាងឆ្ងុយឆ្ងាញ់ ដែលចម្អិនដោយចុងភៅយ៉ាងចំណាន ប្រកបដោយអនាម័យខ្ពស់ ជាមួយនឹងមុខម្ហូបច្រើនប្រភេទ ដែលមានតម្លៃចាប់ពី ៣.៥០ ដល់ ១២ ដូល្លារក្នុងមួយមុខៗ ឬ ក៏ភ្ញៀវអាចពិសារអាហារឈុត ក្នុងតម្លៃ ៧.៥០ ក៏បាន ៕
ដោយ៖សុថាត់