ខេត្ត ៣ រួមគ្នារៀបចំកញ្ចប់ទេសចរណ៍ពិសេស !
នាព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៩នេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ , ខេត្តត្បូងឃ្មុំ និង ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំបច្ចេកទេសដ៏សំខាន់មួយ នៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ដើម្បីពិភាក្សាលើការ រៀបចំកញ្ចប់ទស្សនកិច្ចពិសេសសម្រាប់ភ្ញៀវទេសចរ សិស្ស និស្សិតមានឱកាសទស្សនាសិក្សា និងស្វែងយល់ ពី វប្បធម៌ និង ធម្មជាតិ នៅតាមគោលដៅទេសចរណ៍ ក្នុងខេត្តជាប់គ្នាទាំង ៣នេះ ។
លោកប្រធានមន្ទីរទេសចរណ៍នៃខេត្តទាំង ៣ មានលោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ, លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ និង លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានបញ្ជាក់ថា ការរៀបចំកញ្ចប់ទស្សកិច្ចទេសចរណ៍នេះ នឹងផ្តល់ឱកាសឱ្យយុវជន ជាពិសេសសិស្សានុសិស្សតាមវិទ្យាល័យ និង មហាវិទ្យាល័យ មានឱកាសរៀនសូត្រស្វែងយល់ពីទឹកដី កំណេីតរបស់ខ្លួន សំដៅបណ្តុះគំនិតស្នេហាជាតិមាតុភូមិ មានឆន្ទៈមោះមុតក្នុងការកសាងជាតិមាតុភូមិ តាមរយៈការយល់ដឹងពីការអភិវឌ្ឍន៍វិស័យទេសចរណ៍ ។
ការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍នេះ គឺជាការផ្តួចផ្តើមដំបូងក្នុងវិស័យទេសចរណ៍ ដោយរៀបចំកម្មវិធីទស្សនកិច្ចថ្មី រយៈពេល ៣ ថ្ងៃ ២ យប់ ដែលក្នុងនោះមានទស្សនានៅខេត្តកំពង់ចាម រយៈពេល ១ ថ្ងៃ ខេត្ត ត្បូងឃ្មុំ រយៈពេល ១ ថ្ងៃ និង ខេត្ត ក្រចេះ រយៈពេល ១ ថ្ងៃដែរ ដោយមានទាំងការទស្សនា និង ការសិក្សាលើផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ អេកូទេសចរណ៍ និង ជីវភាពប្រជាជនក្នុងខេត្តទាំង ៣ផងដែរ ៕
ដោយ ៖ ដេវីត