ហួសចិត្ត! ឆ្នេរតាបារាំងទើបល្បីសោះ ទៅដល់ឃើញសុទ្ធតែសំរាមគ្រប់ប្រភេទ រាយប៉ាយ ខ្លះគរដូចភ្នំ
ឆ្នេរខ្សាច់សតាបារាំងជាកន្លែងកម្សាន្តថ្មី កំពុងល្បីខ្លាំង ព្រោះមិនឆ្ងាយដល់ក្រុងព្រះសីហនុឡើយ ព្រោះនៅទីនោះមានទឹកសមុទ្រពណ៌ស្អាត និង មានឆ្នេរខ្សាច់សក្បុសស្អាតខ្លាំង ។ អ្វីដែលជាបញ្ហា គឺរឿងសំរាមរាយប៉ាយស្ទើរគ្រប់ទីកន្លែងនៅទីនោះ សឹងតែរកកន្លែងក្រាលកន្ទេលអង្គុយគ្មាន ។ សំរាមទាំងនោះខ្លះចងជាថង់ៗ ខ្លះទៀតរាយប៉ាយ មានជាសំបកទឹកសុទ្ធ សំបកដូង ដបស្រាបៀ អំបែងកែវ ប្រអប់បាយ ថង់ប្លាស្ទិក ជាដើម ។
នៅតាមម្លប់ឈើប្របនឹងមាត់សមុទ្រគឺសុទ្ធតែសំរាម កន្លែងខ្លះទៀតបញ្ចេញក្លិនស្អុយអាសោច មានរុយក្បាលខៀវហើរព្រោងព្រាត ។ សំរាមទាំងនោះ គឺជាកាកសំណល់របស់ភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះចោល ។ យ៉ាងណាក្ដីក៏មិនអាចបន្ទោសអ្នកចោលសំរាមនោះបានឡើយ ព្រោះនៅទីនោះគ្មានធុងសំរាមទុកដាក់ឱ្យបានត្រឹមឡើយ ហើយក៏មិនទាន់ឃើញមានស្ថាប័នពាក់ព័ន្ធរៀបចំទីនោះឱ្យល្អប្រសើរនៅឡើយដែរ ដូចជា បញ្ហាបន្ទប់ទឹក ទឹកសាបទុកលាងខ្លួន កន្លែងអង្គុយសម្រាក លម្ហែកាយជាដើម ។
គួរឱ្យដឹងថា រមណីយដ្ឋានឆ្នេរខ្សាច់ស តាបារាំង មានទីតាំងស្ថិតនៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ យើងត្រូវធ្វើដំណើរតាមផ្លូវចូលចំការដូងប្រេង ម៉ុងរិទ្ធី កែវផុស ដែលមានចម្ងាយប្រមាណជា ១៩០ គីឡូម៉ែត្រពីភ្នំពេញ ៕
អត្ថបទ ៖ រាជ