ឆ្នេរតាបារាំងជិតបង្កើយ កំពុងល្បីខ្លាំង តែមុនទៅលេងដឹង ៤ យ៉ាងនេះសិន ប្រយ័ត្នវេទនាខ្លួន
ឆ្នេរតាបាំងកាន់តែល្បីល្បាញពីមួយថ្ងៃទៅមួយថ្ងៃ និង មានភ្ញៀវទេសចរបុកទៅលេង រកតែកន្លែងចតរថយន្តគ្មាន ព្រោះតែមានឆ្នេរខ្សាច់សក្បុស ទឹកសមុទ្រដូចគ្រីស្តាល់មិនចាញ់ស្រុកគេឡើយ ។ ថ្វីដ្បិតថានៅទីនោះមានទេសភាពស្អាតខ្លាំង ខ្យល់អាកាសបរិសុទ្ធពិតមែន តែភ្ញៀវទេសចរត្រូវដឹងរឿងមួយចំនួន មុនទៅកម្សាន្តឆ្នេរថ្មីមួយនេះ ៖
១. ស្ថានភាពផ្លូវនៅលំបាកនៅឡើយ
ចុះពីផ្លូវកៅស៊ូភ្ញៀវទេសចរត្រូវឆ្លងកាត់ចម្កាដូងប្រេង ចម្ការកៅស៊ូ កាត់ព្រៃ កាត់ភូមិស្រុក ដែលជាផ្លូវលំ មានគ្រលុកធំៗ កន្លែងខ្លះស្ទើរតែដាច់ផ្លូវ ។ ដូច្នេះមុនទៅត្រូវមើលពីអាកាសធាតុឱ្យច្បាស់ ព្រោះបើចំពេលភ្លៀងប្រាកដជាប់ផុង ឬ ពិបាកបើកបរខ្លាំងមិនខាន ។ ពិសេសរថយន្តទាបៗ តូចៗ ត្រូវបើកបរ ដោយប្រុងប្រយ័ត្នបំផុត ។
២. តិចច្រឡំថាមានកន្លែងស្នាក់នៅ
ភាគច្រើនភ្ញៀវដែលកម្សាន្តនៅឆ្នេរតាបារាំងគឺទៅវិលល្ងាច ឬ អ្នកខ្លះទៅបោះតង់តែម្ដង ។ ដូច្នេះប្រសិនបើគិតថាចង់ទៅគេងដោយមិនបានត្រៀមអ្វីប្រាកដជាលំបាកមិនខាន ។ ចង់ទៅគេងគួរដាក់តង់ទៅបោះទើបបាន តែបើមិនមានគម្រោងគេងត្រូវប្រញាប់ចេញមកវិញពេលមេឃភ្លឺកុំចាំងងឹត ព្រោះអាចពិបាកមើលផ្លូវ ។
៣. ត្រូវរៀបចំអាហារ ភេសជ្ជៈ កន្ទេល ដោយខ្លូនឯង
មិនទាន់មានអាហារសមុទ្រ ឬ អាហារផ្សេងទៀតលក់នៅទីនោះឡើយ ។ ត្រូវរៀបចំជាមុនដូចជា បាយ អាហារ ភេសជ្ជៈ (ទឺកក្រូច ទឹកសុទ្ធ) ទឹកកក ចង្ក្រានអាំងសាំង កន្ទេលអង្គុយលេងដោយខ្លួនឯង ។ កន្ទេលបើទៅជួលនៅទីនោះមួយតម្លៃ ២ ម៉ឺនរៀល ភេសជ្ជៈក៏គ្មានលក់ ។
៤. ប្រយ័ត្នមុតអំបែងកែវ
អំបែវកែវ និង វត្ថុមុតស្រួចជាច្រើន រាយប៉ាយនៅក្នុងស្មៅប្របនឹងឆ្នេរខ្សាច់ ។ តិចច្រឡំដើរជើងទទេររត់លេងលើស្មៅប្រយ័ត្នមុតជើងបាញ់ឈាម ។ ពិសេសអ្នកមានកូនតូចត្រូវប្រយ័ត្នឱ្យមែនទែន ។
រមណីយដ្ឋានឆ្នេរខ្សាច់ស តាបារាំង មានទីតាំងស្ថិតនៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ យើងត្រូវធ្វើដំណើរតាមផ្លូវចូលចំការដូងប្រេង ម៉ុងរិទ្ធី កែវផុស ដែលមានចម្ងាយប្រមាណជា ១៩០ គីឡូម៉ែត្រពីភ្នំពេញ ៕
អត្ថបទ ៖ រាជ