សត្វសំពោចភ្នំដែលជិតផុតពូជលើលោកនោះ បង្ហាញវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា !
មន្ត្រីរបស់អង្គការ WCS បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលី និងអាហ្វ្រិកខាងត្បូងមានការចាប់អារម្មណ៍ខ្លាំងលើសត្វសំពោចភ្នំ ឬ ឈ្មុសប្រែង ដែលជាប្រភេទសត្វដ៏កម្រមួយ នៅកំឡុងពេល ដែលពួកគាត់បានទៅទស្សនាជំរុំចាហ៊ូហ្គីបឹន (Jahoo Gibbon) ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅ ។
ប្រភេទសត្វសំពោចភ្នំនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វ ដែលកំពុងទទួលរងការគំរាមកំហែងឈានទៅរកការផុតពូជនៅលើភពផែនដីយើងនេះ។ មានមនុស្សតិចតួចណាស់ ដែលមានឱកាសបានឃើញសត្វសំពោចភ្នំនេះ ប៉ុន្តែវាត្រូវ លោក ស៊ាន ម៉ារឌី ជាបុគ្គលិកមជ្ឈមណ្ឌលសំវាសនា ថតរូបបាន ។
រូបថតរបស់លោកនេះបានបង្ហាញអំពីសកម្មភាពរបស់វានៅពេលថ្ងៃ ដែលតាមធម្មតា វាបង្ហាញខ្លួនតែនៅពេលយប់ ឬ ពេលថ្ងៃហៀបលិចប៉ុណ្ណោះ ។ សត្វសំពោចភ្នំ វាស៊ីគ្រាប់ផ្លែឈើជាអាហារ ជាពិសេស ផ្លែល្វា សត្វនេះ ទាំងញី ទាំងឈ្មោល មានក្រពេញផលិតក្លិនម្យ៉ាង ដែលធ្វើឱ្យខ្លួនវាធំក្លិនដូចពោតលីង ៕
ដោយ៖ សុថាត់