កម្របានឃើញទេសភាពស្រស់ស្អាតបែបនេះណាស់ មានពេលទំនេរអាចទៅកម្សាន្តបាន នៅខេត្តសៀមរាបយើងនេះ !
បើបានទៅដល់ក្រុងសៀមរាប លោកអ្នកគួរតែធ្វើដំណើរទៅកម្សាន្ត នៅរមណីយដ្ឋាន ភូមិស្លា ដែលមានទេសភាពយ៉ាងស្រស់បំព្រង ជាមួយការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងប្រណិត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្តនៅទីនោះ ។ បើលោក អ្នក ទៅកម្សាន្តនៅទីនោះ ត្រូវធ្វើដំណើរតាមផ្លូវក្រវាត់ក្រុងឆ្ពោះទៅកាន់ វត្ដចក ចូលតាមច្រកផ្សារកន្ដ្រក ប្រមាណជា ២ គីឡូម៉ែត្រ លោកអ្នកនឹងបានឃើញដើមឈើដង្គត់ទើបដុះពន្លកស្លឹកថ្មីឈរ នៅអមសាងខាងផ្លូវ ដែលមានស្លាកសញ្ញាប្រាប់ភ្ញៀវថា ជិតដល់ទីតាំងរមណីយដ្ឋានធម្មជាតិ ភូមិស្លានោះហើយ ។
រមណីយដ្ឋានភូមិស្លា នេះ ស្ថិតនៅក្នុងភូមិកន្ត្រក ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មិនឆ្ងាយប៉ុន្មានពីភ្នំក្រោម រមណីយដ្ឋានធម្មជាតិភូមិស្លានេះ ទើបតែរៀបចំទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ នៅចុងឆ្នាំ ២០១៨នេះប៉ណ្ណោះ ។
ក្រៅពីមុខម្ហូបស្រុកស្រែ រមណីយដ្ឋានធម្មជាតិ ភូមិស្លា រំលេចនូវទស្សនីយភាពប្លែក ជាមួយក្យូសធំៗ ចំនួន៧ សម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរទៅកម្សាន្ត ការគយគន់មើលទេសភាពមាត់បឹងធម្មជាតិ និង ផ្ទះបុរាណ ១ ខ្នង ព្រមទាំងក្យូសខ្នាតកណ្ដាលចំនួន ១៣ អមដោយសម្រស់វាលស្រែពណ៌បៃតងស្រស់ ទិដ្ឋភាពភ្នំក្រោម ដោយទទួលខ្យល់ជំនោរត្រជាក់គ្រប់ពេលវេលា ៕
ដោយ៖សុថាត់