អូរសោម សម្បត្តិធម្មជាតិមហាសាល កំពុងល្បីរន្ទឺដល់ទេសចរបរទេស
ភ្ញៀវទេសចរជាតិ និង អន្តរជាតិ កំពុងតែមានការចាប់អារម្មណ៍កាន់តែខ្លាំង ក្នុងទស្សនាតំបន់អេកូទេសចរណ៍ធម្មជាតិ ក្នុងស្រុកវាលវែង ជាពិសេសតំបន់ ឃុំអូរសោម លើទឹកដីខេត្តពោធិ៍សាត់ បន្ទាប់ពីការផ្សព្វផ្សាយព័ត៌មានក្នុងបណ្តាញសង្គម ពីសេវាកម្មទេសចរណ៍ របស់ក្រុមការងារក្រសួងបរិស្ថានកន្លងមក ។
លោក យ៉ត ស៊ីថា មន្ត្រីឧទ្យានុរក្សភ្នំសំកុសជាអ្នកនាំភ្ញៀវទេសចរបានលើកឡើងថា ស្ទើរជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរបរទេសមកទស្សនាក្នុងតំបន់ការពារធម្មជាតិ ជាក្រុ គ្រួសារ ហើយជាក្រុមចម្រុះជាតិសាសន៍ ។ កន្លែងដែលទទួលបានការចាប់អារម្មណ៍បំផុតគឺតំបន់ អូរសោម និង ជួរភ្នំក្រវាញដែលមានទេសភាពស្រស់ត្រកាលពោរពេញដោយធនធានធម្មជាតិ ។
លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានលើកឡើងថា មន្ទីរមានគម្រោងកែប្រែជីវភាពសហគមន៍ដោយការអភិវឌ្ឍន៍អេកូទេសចរណ៍ សម្រាប់ឲ្យភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ មកទស្សនាកម្សាន្ត ។ ក្នុងនោះមន្ត្រីឧទ្យានុរក្ស អាចក្លាយជាមគ្គុទេសទេសចរណ៍នាំភ្ញៀវដើរព្រៃ និង ជាអ្នកការពារភ្ញៀវផងដែរ ។ មិនតែប៉ុណ្ណោះ គ្រប់ស្នាក់ការតំបន់ និង សហគមន៍ តំបន់ការពារធម្មជាតិនឹងមានកន្លែងផ្តល់ពត៌មាន ទេសចរណ៍ទៀតផង ៕
ដោយ៖ សុថាត់