រមណីយដ្ឋានលូទឹកស្អុយ លេចរូបរាងបណ្ដើរៗ! ផ្កាម៉ោងដប់ ១ពាន់គុម្ពកំពុងដាំហើយ
ក្រុមហស្ថាបនិកប្រមូលសំរាម ដែលឈ្មោះក្រុមថា យុវជនសំរាម នោះកំពុងនាំគ្នាយកផ្ដាម៉ោង ១០ មួយពាន់គុម្ពទៅដាំលម្អតាមប្រឡាយលូទឹកស្អុយបឹងត្របែកនៅក្រោយរបងសាលាបឹងត្របែក ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សាន ដារ៉ាវីត ស្ថាបនិកក្រុមនេះបានបង្ហោះមុននេះ ។
ទោះបីនេះគ្រាន់តែជារឿងសាមញ្ញមួយតែយើងសាកគិតទៅមើលពីមុនទីនោះ មានតែសំរាម តែឥឡូវមានផ្ការីកស្គុះស្គាយតើប្លែកប៉ុនណា ? នេះជាគំនិតច្នៃប្រឌិតមួយដ៏ប្រសើរ ដែលបង្ហាញទៅប្រជាពលរដ្ឋឱ្យឃើញថា ប្រសិនបើកន្លែងដែលពួកគាត់រស់នៅពោរពេញដោយភាពស្រស់បំព្រង តើពួកគាត់រីករាយនឹងជីវិតរស់នៅយ៉ាងណានោះ ។ ប្រសិនបើពលរដ្ឋមួយចំនួននៅតែរស់នៅជាមួយសំរាម នោះជីវិតក៏មិនស្គាល់ភាពស្រស់ស្រាយដែរ ពោលបើកភ្នែកមកឃើញតែសំរាម ។
លោកសាន ដារ៉ាវីត ធ្លាប់បានប្រាប់ «ប្រជាប្រិយ» ថា លោក និង ក្រុមមានបំណងកែប្រែលូទឹស្អុយនេះ ទៅជារមណីយដ្ឋាន ដែលមានជាការចិញ្ចឹមត្រីចម្រុះពណ៌ កន្លែងអង្គុយសម្រាកលម្ហែកាយ មានស្ពានឆ្លងកាត់ស្អាតៗ មានជាទូកជិះលេងជាដើម ។ ក្ដីស្រមៃរបស់ក្រុមយុវជននេះហាក់ជិតក្លាយជាការពិតហើយក្រោយពីមានក្រុមហ៊ុនជប៉ុន មានបំណងវិនិយោគរយៈពេល ៣ ឆ្នាំ ធ្វើការកែប្រែលូទឹកស្អុយនេះ ទៅជាកន្លែងចិញ្ចឹមត្រីស្អាតៗ ៕
អត្ថបទ ៖ រាជ