សម្រស់ធម្មជាតិនៅស្រុកថាឡាបរីវ៉ាត់ មានភាពទាក់ទាញខ្លាំង បើបានទៅលេងជក់ចិត្តបំផុត !
ឈ្មោះពិរោះណាស់មែនទេ? ថាឡាបរីវ៉ាត់ ជាស្រុកមួយ នៃស្រុកទាំង៥ របស់ខេត្តស្ទឹងត្រែង ដែលមានឈ្មោះដើមថា “ធារាបរិព័ទ្ធ” គឺព័ទ្ធជុំវិញទៅដោយទឹក និង ភ្នំដូចឈ្មោះមែន ។ បើនិយាយអំពីខេត្តស្ទឹងត្រែងហាក់ដូចជានៅឆ្ងាយខ្លាំងណាស់ សម្រាប់អ្នកដែលមកពីទីក្រុងភ្នំពេញ ប៉ុន្តែប្រសិនជាមានឳកាសបានទៅដល់ ច្បាស់ជាប្លែកភ្នែក ជាមួយនឹងភាពអំណោយផលនៃតំបន់ទេសចរណ៍បែបធម្មជាតិនៃស្រុកមួយនេះ ។
ដងទន្លេមេគង្គលើជាប្រភពមួយនៃតំបន់ទេសចរណ៍ក្នុងតំបន់ ដែលអ្នកអាចជួលទូកជាលក្ខណឯកជន សម្រាប់ជិះមើលព្រៃលិចទឹក ដែលដើមរបស់វាដុះកោងទោរទៅតាមកម្លាំងទឹកហូរពីល្បាក់ខោន ធ្វើឱ្យលោកអ្នកមានការងឿងឆ្ងល់ប្លែកភ្នែក ព្រោះថាអាចនឹងមិនដែលបានឃើញពីមុនមក ការគយគន់ជម្រកសត្វស្លាបនៅតំបន់រាមសារ ដែលជាតំបន់ធម្មជាតិ កំពុងត្រូវបានអភិរក្ស ព្រមជាមួយនឹងការទស្សនាសត្វផ្សោតនៅអន្លង់ផ្សោតក្នុងតំបន់ល្បាក់ខោនឯព្រះរំកិល ។
បន្ថែមពីលើនេះទៀត ស្ទឹងត្រែងជាខេត្តមួយសម្បូរទៅដោយកោះធម្មជាតិ មានដូចជាកោះហាន កោះលន កោះល្ងរ ជាដើម ដែលជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាត ។ សម្រាប់កោះហាន (អ្នកស្រុកនេះបង្កើតជាសហគមន៍ទេសចរណ៍មួយថ្មី ហៅឈ្មោះថា កោះខេ) ប្រសិនបើលោក អ្នកពុំមានយានជំនិះក្នុងការដំណើរទៅទេ លោក អ្នកអាចជួលម៉ូតូសម្រាប់ជិះ( ក្នុងតម្លៃប្រមាណជា ១០ ដុល្លារក្នុងមួយថ្ងៃ មានសាំងស្រាប់ )ឆ្លងពីស្ពានសេកុងប្រមាណពី ១៥ ទៅ ២០ នាទី នៅខាងឆ្វេងដៃអ្នកនឹងបានឃើញស្លាកបដារ សហគមន៍ទេសចរណ៍ធម្មជាតិ កោះខេ គ្រាន់បត់ចូលតាមនោះបន្តិចនឹងដល់កំពង់ចម្លងដែលអ្នកអាចឆ្លងទៅដល់កោះនោះហើយ ឆ្លងទៅមកមានតម្លៃ ២០០០ រៀល ។
អ្វីដែលជានិមិត្តរូបរបស់ទេសចរណ៍ខេត្តស្ទឹងត្រែងនោះគឺទឹកធ្លាក់សុភមិត្រ (ចំណែកអ្នកស្រុកព្រះវិហារហៅថា ទឹកធ្លាក់ព្រះនិម្មិត) ដែលទឹកធ្លាក់នេះ ស្ថិតនៅព្រំដែនត្រីកោណ រវាងកម្ពុជា (ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង) នឹង ឡាវត្រង់់ចំណុចកោះ ៤០០០ (Si Phan Don)។ តំបន់នេះ ជាតំបន់គោលដៅនៃទស្សនាចរក្នុងស្រុកក៏ដូចជាបរទេស ដែលផ្លូវចូលមិនជាពិបាកទេ គ្រាន់តែដីហុយបន្តិចទៅតាមកន្លែង តែបើបានទៅដល់នឹងជក់ចិត្ត ជាមួយសម្លេងទឹកធ្លាក់ បើបានហែលលេងកាន់តែពិសេស ព្រោះថាទឹកនៅទីនោះមានភាពត្រជាក់រហឹម ។ បើនិយាយអំពីចំណីអាហារនៅទឹកធ្លាក់ព្រះនិមត្តិ មិនខ្វះនោះទេ គឺមានសម្បូរបែបណាស់ ។
ក្រៅពីទេសភាពបែបធម្មជាតិ សម្រាប់អ្នកដែលចូលចិត្តរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និង បុរាណស្ថានក៏អាចទស្សនាវត្តបុរាណផ្សេងៗក្នុងក្រុង មានដូចអាទិ៍ វត្តស្រះកែវមុនីវណ្ណ ក៏ដូចជាប្រាសាទបុរាណផងដែរ ប្រាសាទភ្នំព្រះធាតុ ដែលដួលរលំស្ទើរតែអស់ទៅហើយ និង ប្រាសាទព្រះគោ ដែលស្ថិតក្នុងស្ថានភាពទ្រុឌទ្រោម ៕
ដោយ៖សុថាត់ (ប្រភព Kampucheers)