រឿងពិត ១០ យ៉ាងពីប៊ូតាន់ ប្រទេសដែលថែទាំសុខភាពប្រជាជនមិនយកលុយ និង គ្មានមនុស្សអស់សង្ឃឹម
ប្រទេសដ៏អាថ៌កំបាំងនេះ មានទីតាំងភូមិសាស្ត្រស្ថិតនៅចន្លោះប្រទេសឥណ្ឌា និង ចិន ហើយបានបិទមិនឱ្យទេសចរចូលនៅឆ្នាំ ១៩៧៤ ។ បច្ចុប្បន្ននេះទេសចរដែលចង់ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសមួយនេះ ត្រូវបំពេញបែបបទជាច្រើន និង មានប្រាក់គ្រប់គ្រាន់ គឺអាចទៅកាន់ទឹកដីដ៏ស្រស់បំព្រងនេះបាន ។
ប៊ូតាន់ត្រូវបានគេដាក់រហស្សនាមថា ជាប្រទេសដែលប្រជាជនរស់នៅមានសុភមង្គលបំផុត នៅលើពិភពលោក ។ មានរឿងរ៉ាវជាច្រើនដែលអ្នកមិនធ្លាប់បានដឹងពីប្រទេសមួយនេះ ។ តទៅនេះជារឿងពិតទាំង ១០ យ៉ាងនៃប្រទេសប៊ូតាន់ ៖
១. គ្មានអ៊ីនធើណេត និង ទូរទស្សន៍
អ៊ីនធើណេត និង ទូរទស្សន៍បានបិទជាផ្លូវការនៅប្រទេសប៊ូតាន់តាំងពី ១៩៩៩ ប៉ុន្តែវាមិនអាចទៅរួចឡើយក្នុងការកាត់ផ្ដាច់ប្រទេសទាំងមូលចេញពីបច្ចេកវិទ្យាទំនើប ។ ស្ដេចនៃប្រទេសប៊ូតាន់ក៏សម្រេចលុបច្បាប់នេះចេញវិញ ។ ដោយហេតុនេះហើយ ទើបប៊ូតានគឺជាប្រទេសចុងក្រោយនៅក្នុងពិភពលោកដែលបានចាប់ផ្តើមប្រើទូរទស្សន៍ ។
២. ក្រសួងនៃសុភមង្គល
ដើម្បីរក្សានៅសេចក្ដីស្ងប់សុខរបស់ប្រជាជន នៅក្នុងឆ្នាំ ២០០៨ គណៈកម្មាធិការជាតិនៃសុភមង្គល ត្រូវបានបង្កើតឡើងក្នុងប្រទេសមួយនេះ ។ ជារឿងដ៏គួរឱ្យស្ងប់ស្ងែងបំផុត នៅពេលដែលគេធ្វើជំរឿន សំណួរមួយត្រូវបានសួរទៅប្រជាជនគឺ «តើអ្នកពេញចិត្តនឹងជីវិត ឬក៏អត់ ?» ។
៣. គ្មានប្រជាជនដែលអស់សង្ឃឹម
គ្មានជនអនាថារស់នៅតាមផ្លូវឡើយនៅប្រទេសប៊ូតាន់ ។ ប្រសិនបើមានអ្នកដែលបាត់បង់ផ្ទះសម្បែង គ្មានទីជម្រក ពួកគេគ្រាន់តែចូលបង្គំគាល់ព្រះមហាក្សត្រ នោះទ្រង់នឹងផ្ដល់នូវដីមួយកន្លែងដល់ពួកគេ ដើម្បីសង់ផ្ទះ និង ដាំបន្លែ ។
៤. ការថែទាំសុខភាពដែលមិនគិតលុយ
អ្នកស្រុកប៊ូតាន់គ្រប់រូប មានសិទ្ធិទទួលបានការថែទាំសុខភាពដោយមិនគិតលុយ ។ ឱសថបុរាណ និង ថ្នាំបុរាណ គឺជាវិធីព្យាបាលក្នុងប្រទេសប៊ូតាន់ ហើយមនុស្សម្នាក់អាចសម្រេចចិត្តលើវិធីព្យាបាលណាមួយដោយខ្លួនឯង ។
៥. ការស្លៀកសម្លៀកបំពាក់ជាតិ
ប្រជាជនប៊ូតាន់គ្រប់រូប គឺស្លៀកសម្លៀកបំពាក់ប្រពៃណី ។ ចំពោះបុរសៗគឺស្លៀកខោប្រវែងត្រឹមជង្គង់ ហើយនារីៗស្លៀកពាក់រ៉ូបវែងៗ ។ កម្រិតជីវភាពរបស់មនុស្សម្នាក់ៗ និង វណ្ណៈក្នុងសង្គមត្រូវបានកំណត់ដោយពណ៌ នៃកន្សែងលើស្មាខាងឆ្វេងរបស់ពួកគេ ។ ជាទូទៅមនុស្សសាមញ្ញពាក់កន្សែងពណ៌ស ហើយមនុស្សមានវណ្ណៈខ្ពង់ខ្ពស់ និង ព្រះសង្ឃពាក់អាវពណ៌លឿង ។
៦. គ្មានការជក់បារី
ស្ដេចប៊ូតានបានអនុម័តច្បាប់ហាមឃាត់ការដាំដុះការប្រមូលផល និង ការលក់ថ្នាំជក់នៅក្នុងប្រទេស ។ គ្មានដាច់ខាតការទិញថ្នាំជក់នៅទីនោះ ។ ទេសចរត្រូវបង់ពន្ធថ្លៃបំផុតប្រសិនបើពួកគេចង់យកបារី តាមខ្លួនចូលក្នុងប្រទេសនេះ ។
៧. ការយកចិត្តទុកដាក់ថែរក្សាជីវិតសត្វ និង ធម្មជាតិ
ប្រទេសដែលគ្របដណ្ដប់ដោយពណ៌បៃតងខ្ចីនេះ តែងយកចិត្តទុកដាក់ និង មានការព្រួយបារម្ភខ្លាំងអំពីបរិស្ថាន និង ធម្មជាតិ ។ ពួកយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះដើមឈើដែលកំពុងលូតលាស់ ។ ក្នុងឆ្នាំ ២០១៥ ប៊ូតាន់បានជាប់ក្នុងកំណត់ត្រាពិភពលោក ដែលប្រជាជនដាំដើមឈើ ៥០០០ ដើម ក្នុងរយៈពេលត្រឹមតែ ១ ម៉ោង ។
៨. លក្ខណោៈពិសេសនៃម្ហូប
ប្រជាជនប៊ូតាន់ភាគច្រើនបំផុត គឺជាពុទ្ធសានិកជន ។ សាសនាបានបង្រៀនឱ្យពួកគេគោរពជីវិតសត្វ ដែលមានលើលោកនេះ ។ ដូច្នេះហើយការទទួលទានម្ហូបបួស គឺជាធម្មតានៅទីនោះ ។ ម្ហូបចម្បង និង ជាមូលដ្ឋានគឺជាបាយ ។ ដោយស្ថិតនៅតំបន់ខ្ពស់រាប អង្ករធម្មតាមិនអាចដាំដុះបាននៅទីនោះឡើយ ដូច្នេះប្រជាជនបានដាំដុះអង្កក្រហមដ៏កម្រ និង មានរសជាតិឆ្ងាញ់បំផុត ។
៩. បញ្ហាប្រឈមសម្រាប់អ្នកទេសចរ
ចាប់តាំងពីស្ដេចប៊ូតាន់ បានបើកឱ្យទេសចរទៅទស្សនានៅទីនោះ ទ្រង់មិនអនុញ្ញាតឱ្យទេសចរ ដើរបានគ្រប់ទីកន្លែងក្នុងប្រទេសឡើយ ។ អ្នកអាចទៅទស្សនាប្រទេសប៊ូតាន់ តែជាមួយក្រុមភ្ញៀវទេសចរដទៃទៀត ។ គ្រប់ឯកសារ និង ទិដ្ឋាការត្រូវបានចេញដោយក្រុមហ៊ុនមួយដែលត្រូវបានតែងតាំងដោយរដ្ឋ ដើម្បីទទួលបានលិខិតអនុញ្ញាត ។ អ្នកត្រូវបង់រាល់ការចំណាយទាំងអស់ជាមុនរួមមាន សំបុត្រយន្តហោះ, សណ្ឋាគារ, ថ្លៃសេវាប្រតិបត្តិករទេសចរណ៍ និង មគ្គុទេសក៍, ទិដ្ឋាការ, និង ការធានារ៉ាប់រង ។
អ្នកចាំបាច់ត្រូវធ្វើដំណើរជាមួយមគ្គុទេសក៍ អ្នកមិនអាចធ្វើដំណើរដោយខ្លួនឯងបានឡើយ ។ ប្រតិបត្តិការទេសចរណ៍នឹងផ្តល់ជូននូវកម្មវិធីកម្សាន្តផ្សេងៗគ្នាសម្រាប់ភ្ញៀវទេសចរទាំងអស់ ។ ក្នុងមួយថ្ងៃតម្លៃ ប្រហែល ២៥០ ដុល្លារ ។
មានក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ដែលធ្វើប្រតិបត្តិការជើងហោះហើរទាំងអស់ទាំងចូល និង ចេញទៅក្រៅប្រទេស ហើយតម្លៃនៅសណ្ឋាគារ (ថាតើមានតម្លៃធូរ ឬ ថ្លៃ) ត្រូវបានកំណត់ដោយរដ្ឋាភិបាល ។
១០. ប្រពៃណីផ្ទេរមរតក
ស្ត្រីត្រូវបានគេគោរព និង ផ្ដល់តម្លៃបំផុត ក្នុងប្រទេសប៊ូតាន់ ។ ទ្រព្យសម្បត្តិ និង អ្វីគ្រប់យ៉ាង ដូចជា ផ្ទះ គោ ក្របី ដីធ្លី ត្រូវបានប្រគល់ឱ្យកូនស្រីច្បង មិនមែនកូនប្រុសឡើយ ៕
ប្រភព ៖ brightside