ត្រឹមខេត្តក្រចេះយើងតើ ! «កោះព្រហ្មចារីយ៍» កន្លែងកម្សាន្តដ៏ទាក់ទាញ បន្ទាប់ពីអន្លង់កាំពី
ក្រៅពីអន្លង់ផ្សោតកាំពី ដែលជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញនោះ ខេត្តក្រចេះក៏នៅមានរមណីយដ្ឋានជាច្រើនទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរ ក្នុងនោះមានកោះមួយទៀតប្រៀបដូចជាស្ថានសួគ៌ ដែលភ្ញៀវទេសចរគ្រប់រូបប្រាថ្នាចង់ឃើញ និង ចង់ទស្សនាគឺ «កោះព្រហ្មចារីយ៍» ។
កោះព្រហ្មចារីយ៍ ស្ថិតនៅតាមដងទន្លេមេគង្គ មានទីតាំងនៅក្នុង ឃុំជ្រោបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ គឺនៅជិតគ្នានឹងរមណីយដ្ឋានកាំពីដែរ ។ កោះព្រហ្មចារីយ៍ សម្បូរទៅដោយព្រៃលិចទឹក និង មានឆ្នេរខ្សាច់ដ៏ទាក់ទាញ ដែលអាចធ្វើឱ្យភ្ញៀវទេសចរ ទៅសម្រាកលំហែកាយ នូវពេលវិស្សមកាល ឬ ថ្ងៃឈប់សម្រាកចុងសបា្តហ៍ បានយ៉ាងសប្បាយរីករាយ ។
កោះព្រហ្មចារីយ៍ ពេលនេះពុំទាន់មានការគ្រប់គ្រង ឬ ធ្វើអាជីវកម្មនៅឡើយទេ ពោលគឺស្ថិតនៅក្នុងក្នុងសភាពធម្មជាតិពិតៗ ដែលភ្ញៀវទេសចរគ្រប់រូបប្រាថ្នាចង់បាន ។ ហើយពេលនេះ ខាងមន្ទីរទេសចរណ៍ខេត្តក្រចេះ កំពុងតែរៀបចំឱ្យមានសហគមន៍គ្រប់គ្រងត្រឹមត្រូវ ដើម្បីជាប្រយោជន៍របស់បងប្អូនក្នុងសហគមន៍នេះផ្ទាល់ ៕
ដោយ៖សុថាត់ (រូបថត Pech Ttc Pha)