ប្លែកភ្នែក ប្លែកអារម្មណ៍ បើបានទៅលេងទឹកធ្លាក់ចម្ការស្វាយ ដឹងតែសប្បាយកប់ !
ទឹកធ្លាក់ចម្ការស្វាយ ជារមណីយដ្ឋានថ្មីមួយ ដែលទើបបង្កើតឡើងនាប៉ុន្មានឆ្នាំមុននេះប៉ុណ្ណោះ បើទោះបីជារមណីយដ្ឋាននេះ ទើបតែបង្កើតថ្មីក៏ពិតមែន ប៉ុន្តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក៏ព្រោះតែនៅទីនោះមានទេសភាពខ្សែទឹកហូរដ៏ស្រស់ស្អាត អមទៅដោយដើមឈើមានម្លប់យ៉ាងត្រឈឹងត្រឈៃនៅជាប់មាត់ស្ទឹង និង រំលេចទៅដោយដុំថ្មដុះនៅបាតស្ទឹងទុកជាកន្លែងសម្រាប់ភ្ញៀវងូតទឹកលេង ។
ទឹកធ្លាក់ចម្ការស្វាយ ជាកសិដ្ឋានទឹកធ្លាក់ចម្ការស្វាយ ស្ថិតនៅលើផ្ទៃដីទំហំ ៨៤ ហិកតា នៅក្នុងភូមិព្រៃស្ដៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណជា ៦៥ គីឡូម៉ែតពីទីរួមខេត្ត ជាទីកន្លែងធម្មជាតិកែច្នៃ ដែលមានទេសភាពទឹកធ្លាក់យ៉ាងស្រស់បំព្រង មិនចាញ់ទេសភាពធម្មជាតិពិតៗឡើយ ។
មិនថា ថ្ងៃបុណ្យទាន ឬ ថ្ងៃឈប់សម្រាកចុងសប្តាហ៍ឡើយ ទឹកធ្លាក់ចម្ការស្វាយនេះ មានភ្ញៀវទេសចរជាតិជាច្រើនបានសម្រុកទៅលេងកម្សាន្តនៅក្នុងកសិដ្ឋានទឹកធ្លាក់នេះ ។ ជាពិសេសនៅថ្ងៃបុណ្យជាតិធំៗដូចជាបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំប្រពៃណីជាតិជាដើម ដែលភ្ញៀវទេសចរជាច្រើនទៅកម្សាន្ត និង ហែលទឹកលេងនៅទីនោះ ៕
ដោយ៖សុថាត់