រមណីយដ្ឋានកសិទេសចរណ៍ជ្រលងភ្នំក្រហមបានទៅលេងម្តងហើយ ចង់ទៅលេងម្តងទៀត !
ទេសភាពធម្មជាតិនៅតំបន់ភ្នំ ដែលលាតសន្ធឹងដ៏ធំល្វឹងល្វើយ នៅលើផ្ទៃដីរាប់សិបហិកតា ធ្វើឱ្យ រមណីយដ្ឋានកសិទេសចរណ៍នៅតាមជ្រលងភ្នំក្រហម ពិតជាទាក់ទាញភ្ញៀវទេសចរឱ្យចង់មកសម្រាកលំហែកាយនៅទីនោះ ។
រមណីយដ្ឋានកសិទេសចរណ៍ជ្រលងភ្នំក្រហមនេះ មានទីតាំងស្ថិតនៅក្នុង ភូមិត្រពាំងក្តារ ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត និង នៅចំតំបន់មុំ ៣ នៃព្រំប្រទល់ ស្រុកចំនួន ៣ គឺស្រុកកំពង់ត្រាច ស្រុកដងទង់របស់ខេត្តកំពត និង ស្រុកដំណាក់ចង្អើរ ខេត្តកែប មានចម្ងាយជាង ១០ គីឡូម៉ែត្រ ចេញពីរង្វង់មូលព្រះនារាយណ៍ដៃ ៨ មក គឺចូលតាមច្រកផ្លូវក្រួសក្រហមនៃផ្លូវភ្នំវល្លិ៍ ។
រមណីយដ្ឋានកសិទេសចរណ៍ជ្រលងភ្នំក្រហមមានទីតាំងល្អ ដោយលាតសន្ធឹងនៅលើវិសាលភាពនៃផ្ទៃដីប្រមាណជា ៣០ហិកតា ត្រូវបានបង្កើតឱ្យក្លាយជាទីរមណីយដ្ឋាន និង លំហែកាយ ប្រភេទជាកសិទេសចរណ៍។ រមណីយដ្ឋានកសិទេសចរណ៍ជ្រលងភ្នំក្រហមនេះ ចាប់ផ្តើមបើកទទួលភ្ញៀវតាំងពីដើមឆ្នាំ ២០១៨ មកម្ល៉េះ។ ដោយបង្កើតទីកន្លែងកម្សាន្តជាច្រើន ដូចជាទីកន្លែងបោះជំរំ ជិះកង់ឡើងភ្នំ ដើរថ្មើរជើងឡើងភ្នំ ជិះទូកលេងកម្សាន្ត និង ស្ទូចត្រី ការទស្សនាចម្ការម្រេច ចម្ការស្វាយ ចម្ការតាង៉ែន ចម្ការបន្លែ ផ្លែឈើ និង សួនផ្កាធម្មជាតិ ទស្សនាកសិដ្ឋានចិញ្ចឹមមាន់ ទា និង គោ ការជិះត្រាក់ទ័រមានសណ្តោងរ៉ឺម៉ក (Trailer) កន្លែងមើលទេសភាពថ្ងៃលិច និង ថ្ងៃរះ និង មានសកម្មភាពកម្សាន្តផ្សេងៗទៀតផងដែរ ។
ចំពោះសេវាស្នាក់នៅវិញ តម្លៃជួលតង់តូចអាចគេងបាន ២ នាក់ គឺ ១២ ដុល្លារ តង់គេងបាន ៤ នាក់ តម្លៃ ១៥ ដុល្លារ និង តង់គេងបាន ១០ នាក់តម្លៃ ៥០ ដុល្លារ ។ ការសម្រាកនៅផ្ទះស្នាក់ (home-stay) ក្នុងមួយយប់តម្លៃ ២០ ដុល្លារ និងផ្ទះបាងហ្គាឡូ តម្លៃ ៥០ ដុល្លារ។ ប្រសិនបើភ្ញៀវចង់បោះតង់ដោយខ្លួនឯង រមណីយដ្ឋានគិតប្រាក់តែ ៣ ដុល្លារប៉ុណ្ណោះ ជាមួយការផ្ដល់ជូនទីតាំង និង ទឹកភ្លើងគ្រប់គ្រាន់ ៕
ដោយ៖សុថាត់ (រូបថត 4Z Cambodia Tour and Travel)