ពិកនិក រមណីយដ្ឋាននៅខេត្តព្រះសីហនុ ស្រស់បំព្រងគ្រប់រដូវកាល
បើធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ៤ ឆ្ពោះទៅខេត្តព្រះសីហនុ ដល់គីឡូម៉ែត្រលេខ ១៣៥ លោកអ្នកនឹងបានឃើញផ្លាកធំមួយនៅខាងឆ្វេងដៃ ដាក់ថា ពិកនិក ទាំងអក្សរខ្មែរ និង អង់គ្លេស រមណីយដ្ឋានពិកនិកស្ថិតនៅក្នុង ភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
រមណីយដ្ឋាន ពិកនិក កំពុងលាក់ខ្លួនក្បែរជើងភ្នំមួយ រំលេចទេសភាពដ៏ស្រស់ត្រកាលកម្រមាន នៅទីនោះវាយោយ៉ាងត្រជាក់បានមកពីធម្មជាតិជុំជិតបក់ផាត់ប៉ះរូបកាយធ្វើឱ្យយើងមានអារម្មណ៍ជ្រះថ្លា និង រីករាយក្រៃលែង រួមជាមួយអាហារគ្មានជាតិគីមីដែលដាំផ្ទាល់ក្នុងរមណីយដ្ឋាន ពិកនិក នឹងធ្វើឱ្យអ្នកប្លែកក្នុងអារម្មណ៍មិនខានឡើយ ។
លក្ខណៈពិសេសរបស់រមណីយដ្ឋានគឺមានម្ហូបអាហារដែលធ្វើឡើងដោយបន្លែក្នុងរមណីយដ្ឋានផ្ទាល់ រួមជាមួយកន្លែងស្រូបយកខ្យល់អាកាសបែបធម្មជាតិ សម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់ ។ លើសពីនេះ អ្នកអាចបោះតងស្នាក់នៅនាពេលរាត្រី អាចជួលកង់ជិះដល់ឡើងលើចង្កេះភ្នំ ព្រមទាំងទស្សនាចម្ការបន្លែធម្មជាតិជាច្រើនហិកតានៅក្នុងរមណីយដ្ឋានទៀតផង ៕
ដោយ៖ សុថាត់