មិនដែលដឹងថា កោះខ្មោច មានទេសភាពស្រស់ស្អាតយ៉ាងនេះសោះ
កោះខ្មោច ជាកោះមួយស្ថិតនៅក្នុងចំណោមប្រជុំកោះសរុបចំនួន២៣ លើដែនដីខេត្ដកោះកុង ជាទីឋានទេសចរណ៍ បានចោលសម្រស់ទាក់ចិត្ដភ្ញៀវលើទឹកដីជាយដែននៅស្រុកគិរីសាគរ ។ កោះខ្មោច ឬ កោះរីករាយ សម្បូរទៅដោយផ្កាថ្មចម្រុះពណ៌ ផ្គាប់ចិត្ដភ្ញៀវដែលមិនប្រាថ្នាងូតទឹកជ្រៅ ។
កោះខ្មោច បច្ចុប្បន្នអ្នកស្រុកហៅឈ្មោះមួយទៀតថា កោះនិមិត្ត ដែលជាកោះមួយ នៅក្នុងខេត្តកោះកុង ដែលនៅមិនឆ្ងាយពីកោះស្តេចប៉ុន្មានឡើយ តែកោះនេះជាកោះតូចមួយ ដែលពុំមានមនុស្សរស់នៅឡើយ ។ ភ្ញៀវទេសចរ ចង់ទៅទស្សនាកោះខ្មោចត្រូវចេញពី កោះស្ដេច រួចធ្វើដំណើរទៅកាន់ កោះខ្មោច (កោះរីករាយ) ដោយដើរលេងលើឆ្នេរពយខ្លី ប្រវែងប្រមាណតែ ២០ ម៉ែត្រ និង មើលផ្កាថ្ម ដែលនៅមិនឆ្ងាយពីឆ្នេរសមុទ្រឡើយ ។
ប៉ុន្ដែភ្ញៀវខ្មែរហាក់មិនសូវចូលចិត្ដ និង ចាប់អារម្មណ៍ចំពោះផ្កាថ្មប៉ុន្មានទេ ពីព្រោះប្រហែលជាពួកគេខ្លាច សត្វកាំប្រមាដែលអាចបង្កគ្រោះថ្នាក់ ប៉ុន្តែសម្រាប់ភ្ញៀវបរទេសវិញ ការទស្សនាធម្មជាតិបែបនេះគឺជាការចង់បានរបស់ពួកគេ ក្រៅពីការទស្សនា នៅដែនកោះហើយ នៅពេលថ្ងៃ ភ្ញៀវទេសចរ ក៏អាចបោះតង់ សម្រាកនាពេលរាត្រី នៅលើដែនកោះនេះយ៉ាងសប្បាយរីករាយ ។
ភ្ញៀវដែលទៅកោះខ្មោច ត្រូវជិះអូប័រ ចេញពីកោះស្តេច ទៅកាន់កោះខ្មោចតែម្តង ដែលនៅទីនោះភ្ញៀវទេសចរបានឃើញផ្កាថ្មនៅលើដែនកោះខ្មោចយ៉ាងស្រស់ស្អាតគ្មានពីរ ដោយចំណាយពេលប្រមាណជា ២០នាទី ហើយតម្លៃសេវាកម្មដឹកជញ្ជូន ១ ៥០០០ រៀលក្នុងម្នាក់ ឬ ៣០ ដុល្លារក្នុងមួយថ្ងៃ ៕
ដោយ៖សុថាត់