កម្ពុជាគ្រោងបង្កើតលំនៅឋានទី ២ សម្រាប់ទេសចរវ័យចំណាស់ នៅតំបន់អង្គរ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍សមាហរណ (Integrated Master Development Plan) នៅតំបន់សៀមរាប-អង្គរ និង នៅតំបន់ជុំវិញ ដែលនឹងមានផលិតផលទេសចរណ៍ថ្មីៗបន្ថែម ក្នុងនោះក៏មានលំនៅដ្ឋានទី ២ របស់ភ្ញៀវទេសចរវ័យចំណាស់ និង ចូលនិវត្តន៍ផងដែរ ។ នេះបើតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា «ផែនការមេអភិវឌ្ឍន៍សមាហរណ» នេះមានរួមបញ្ចូលស្ទើរតែគ្រប់វិស័យ រួមមាន វិស័យទេសចរណ៍ វប្បធម៌ សិល្បៈ សាធារណការ ទឹកស្អាត កីឡា សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការគ្រប់គ្រង សំណល់រឹងរាវធនធានទឹក ថាមពល អគ្គិសនី ហេដ្ឋារចនាសម្ពន្ធរឹង-ទន់ជាដើម សំដៅធ្វើយ៉ាងណាឱ្យខេត្តសៀមរាប ទាំងទីក្រុង និងតំបន់ជុំវិញ មានផែនការមេអភិវឌ្ឍន៍ច្បាស់លាស់ ។
ឯកឧត្តមបានបន្តថា ផ្អែកតាមសក្តានុពលជាក់ស្តែង កម្ពុជាក៏ចាំបាច់សិក្សាបង្កើតគម្រោងរៀបចំតំបន់ទេសចរណ៍ពិសិដ្ឋ រួមមាន លំនៅដ្ឋានទី ២ របស់ទេសចរវ័យចំណាស់ ឬ ចូលនិវត្តន៍ (Second Home) ព្រមទាំងតំបន់ទេសចរណ៍សុខភាព Medical Tourism និង សម្រាកលម្ហែជាដើមផងដែរ ដែលជាផលិតផលទេសចរណ៍ថ្មីៗសម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន និង ស្នាក់នៅបានយូរ ។
ពាក់ព័ន្ធនឹងគម្រោងរៀបចំឱ្យមានផលិតផលទេសចរណ៍ថ្មីៗ នៅខេត្តសៀមរាបនេះ ក្រសួងទេសចរណ៍ មិនទាន់អាចបញ្ជាក់ឱ្យដឹងពីទីតាំងណាខ្លះ ទំហំ ទុនវិនិយោគ និង ពេលវេលានៅឡើយទេ ដោយលោករដ្ឋមន្ត្រីបញ្ជាក់ត្រឹមថា ក្រោយការសិក្សាចប់រយៈពេល ៦ ខែ ទើបយើងអាចដឹងពីផែនការលម្អិត ៕
រូបភាព ៖ ក្រសួងទេសចរណ៍