ចូលឆ្នាំខ្មែរ ៣ ថ្ងៃនេះ ខេត្តបាត់ដំបងស៊ីដាច់គេហ្មង !
ក្នុងថ្ងៃចូលឆ្នាំខ្មែររយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៩ មានភ្ញៀវទេសចរជាង ៤ លាននាក់ បានទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរនានាទូទាំងប្រទេស ក្នុងនោះខេត្តបាត់ដំបង ស្វាយរៀង និង ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ខេត្តបាត់ដំបង មានភ្ញៀវទេសចរទៅកម្សាន្តជាង ៨៧ ម៉ឺននាក់ ក្នុងនោះមានភ្ញៀវជាតិជាង ៨៦៩ ១៨២ នាក់ និង ភ្ញៀវអន្តរជាតិចំនួន ៨៥២ នាក់ជាប់ចំណាត់ថ្នាក់លេខ១ ។ ខេត្តស្វាយរៀង មានចំនួន ៤៦៧ ៥០៥ នាក់ ហើយក្នុងនោះភ្ញៀវជាតិ ៤៦៧ ៤៧៣ នាក់ និង អន្តរជាតិ ៣២ នាក់ ជាប់ចំណាត់ថា្នក់លេខ ២ ។ ដោយឡែកខេត្តសៀមរាបជាប់លំដាប់លេខ ៣ ទទួលបានភ្ញៀវ ៣៨៦ ៦៦១ នាក់ ប៉ុណ្ណោះក្នុងនោះមានភ្ញៀវទេសចរជាតិ ៣៦០ ០០០ នាក់ និង ភ្ញៀវអន្តរជាតិ ២៦ ៦៦១ នាក់ ។
នៅក្នុងរបាយការណ៍ដដែលនោះ ក៏បានបង្ហាញពីតួលេខភ្ញៀវទៅលេងក្នុងខេត្តផ្សេងៗផងដែរ រួមមានខេត្តកំពង់ចាមមានភ្ញៀវ ៣៣២ ៦៥១ នាក់,ព្រៃវែង ៣១៩ ២៤១ នាក់, កណ្តាល ៣១៦ ២៦២ នាក់ ,កំពង់ធំ ២១៧ ៥២៣ នាក់ ,ភ្នំពេញ ២០៨ ១៣៧ នាក់ ,ព្រះសីហនុ ១៩១ ៤៨៦ នាក់ ,បន្ទាយមានជ័យ ១៦៥ ៤៧៧ នាក់ ,កំពង់ឆ្នាំង ១៦០ ៨៣៧ នាក់, កែប ១៤៥ ៩៨០ នាក់ ,កំពត ១៣៧ ១៧៤ នាក់ ,ព្រះវិហារ ១៣៥ ៩៥៣ នាក់, ក្រចេះ ១២៣ ៤៩៥ នាក់ និង ខេត្តកំពង់ស្ពឺ ១១៧ ៣៧៩ នាក់ ។
ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិដើរកម្សាន្តសរុបចំនួន ៤ ៧២៦ ៦០២ នាក់ កើនឡើង ៦៧,០២ ភាគរយ បើធៀបកាលពីឆ្នាំមុន ។ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤ ៦៣៩ ៣៤១ នាក់ កើនឡើង ៦៦,៤០ ភាគរយ ហើយភ្ញៀវអន្តរជាតិមានចំនួន ៨៣ ១២៣ នាក់ កើនឡើង ៩៨,២៧ ភាគរយ ៕
ដោយ៖សុថាត់