តំបន់អេកូទេសចរណ៍ធម្មជាតិអូរសោម មានទស្សនីយភាពអស្ចារ្យគួរឱ្យគយគន់ !
តំបន់អេកូទេសចរណ៍ធម្មជាតិ អូរសោម ស្ថិតនៅក្នុង ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាទីប្រជុំទៅដោយសម្បត្តិធម្មជាតិដ៏មហាសាល កម្រមានអ្នកទៅដល់ណាស់ ។ សម្រាប់អ្នកចូលចិត្តធ្វើការផ្សងព្រេងទៅតំបន់ធម្មជាតិនានា ក្នុងប្រទេសកម្ពុជា អាចទៅកម្សាន្តនៅទីនោះបាន ពីព្រោះនៅតំបន់អេកូទេសចរណ៍ អូរសោម មានទស្សនីយភាព ដ៏អស្ចារ្យជាច្រើន មិននឹកស្មានដល់ ។
ក្នុងតំបន់ទេសចរណ៍ អូរសោម ភ្ញៀវទេសចរ អាចសម្រាកស្នាក់នៅផ្ទះរបស់អ្នកស្រុក មានអាហារប្រចាំតំបន់ប្លែកៗ និង មានមគ្គុទ្ទេសក៍ នាំដើរកម្សាន្តទៅកាន់តំបន់ប្លែកៗជាច្រើនទៀត ។ ក្នុងនោះមានទឹកធ្លាក់រហូតដល់ទៅ ៧ កន្លែងផ្សេងគ្នា មានបឹងដ៏ធំ ទស្សនាក្រពើព្រៃ និង តំបន់វាលវែងគ្របដណ្ដប់ដោយធម្មជាតិដ៏ស្រស់បំព្រង ។
តំបន់ទឹកធ្លាក់ អូរកន្ធាយ ដែលស្ថិតនៅក្នុងតំបន់អេកូទេសចរណ៍អូសោមនោះដែរ មានទេសភាពស្អាតខ្លាំងណាស់ ប៉ុន្តែមិនសូវមានអ្នកទៅដល់នោះទេ ។ នៅតាមផ្លូវឆ្ពោះទៅទឹកធ្លាក់អូរកន្ធាយ យើងត្រូវធ្វើដំណើរកាត់ផ្លូវលំតូចៗ មានចម្ការចេករបស់អ្នកស្រុក ត្រូវឆ្លងកាត់ផ្លូវឡើងចំណោត ចុះចំណោត និង ឧបសគ្គជាច្រើន រហូតទៅដល់ទឹកធ្លាក់អូរកន្ធាយ ។ ប៉ុន្តែមិនធ្វើឱ្យការផ្សងព្រេងនោះ ឥតប្រយោជន៍ឡើយ ព្រោះភាពអស្ចារ្យនៃធម្មជាតិនៅទីនោះ បានធ្វើឱ្យភាពហត់នឿយបានធូរស្បើយមួយរំពេច ។
ក្រៅពីទៅដល់ទឹកធ្លាក់អូរកន្ធាយ យើងអាចបន្តដំណើរទៅទឹកធ្លាក់មួយកន្លែងទៀតមានឈ្មោះថា ទឹកធ្លាក់ឆាយប្រុយ មានចម្ងាយមិនឆ្ងាយប៉ុន្មានពីទីប្រជុំជនអូរសោមឡើយ។ បើធ្វើដំណើរពីកោះកុងមកខេត្តពោធិ៍សាត់ តាមជួរភ្នំក្រវាញ អាចឆៀងចូលតំបន់ទឹកធ្លាក់នេះយ៉ាងងាយស្រួល តែបើយើងមកពីខេត្តពោធិ៍សាត់វិញ ត្រូវធ្វើដំណើរហួសពីទីប្រជុំជនអូរសោម ប្រមាណជិត៣០គីឡូម៉ែត្រទៀត ទើបដល់ទឹកធ្លាក់ឆាយប្រុយ។
តំបន់អេកូទេសចរណ៍ធម្មជាតិអូរសោម ស្ថិតនៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចម្ងាយប្រវែង ១៥៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ៕
ដោយ៖សុថាត់