ទឹកធ្លាក់ថ្មដាតូចពិតជាស្អាតគ្មានពីរ
រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចជាទីកន្លែងកម្សាន្តថ្មីសន្លាងជាមួយនឹងសម្រស់ព្រៃភ្នំធម្មជាតិល្អប្លែកស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ ៥៥ ដែលទើបកសាងថ្មីនោះ ទឹកធ្លាក់ ថ្មដាតូច ឬ អ្នកខ្លះនិយមហៅទឹកធ្លាក់ភ្នំ ១០០៥ កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំនៃខេត្តពោធិ៍សាត់នេះ ឆ្ពោះទៅកាន់ច្រកថ្មដា នាព្រំប្រទល់ជាមួយខេត្ដត្រាតប្រទេសថៃ ។
ការធ្វើដំណើរលើវិថីពត់ពេន តាមជម្រាលភ្នំខ្ពស់ៗ ប្រមាណ ៥០ គីឡូម៉ែត្រពីទីរួមស្រុកវាលវែង ឬ ១៥៣ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ទឹកធ្លាក់នេះស្ថិតនៅក្នុង ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
រមណីយដ្ឋាននេះមាន ចម្ងាយជាង ១០០ ម៉ែត្រ ប៉ុណ្ណោះ ដើរចុះពីផ្លូវជាតិលេខ ៥៥ ភ្ញៀវទេសចរនឹងបានឃើញ ទឹកហូរលើជម្រាលថ្មជាដំណាក់ ដូចកាំជណ្ដើរដែលផ្ដល់ភាពងាយស្រួលងូតកម្សាន្ដដល់ភ្ញៀវទេសចរអមដោយទេសភាពព្រៃព្រឹក្សា។ ទឹកធ្លាក់ថ្មដាតូចនេះមាន ២ ថ្នាក់ ខាងលើ ដែលលោកអ្នកដើរចុះមកដល់មុនគេ គឺជាទីឋានសម្រាប់ងូតទឹកលេងកម្សាន្ត ដោយសារដំណាក់នេះ មានទឹកធ្លាក់ហូរលើជម្រាលជាថ្នាក់ៗ ដូចកាំជណ្តើរ ។
ថ្នាក់ខាងក្រោម គឺជាល្បាក់ទឹកធ្លាក់កម្ពស់ជិត ១០ ម៉ែត្រ ការមុជទឹកលេងនៅទីនោះ ពិតជាធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រស់ថ្លា បន្ទាប់ពីហត់នឿយពីដំណើរកម្សាន្តតាមតំបន់ព្រៃភ្នំ ទឹកធ្លាក់នេះ មានទឹកហូរខួបប្រាំង ខួបវស្សា គ្រាន់តែនៅរដូវប្រាំងមានទឹកហូរតិចប៉ុណ្ណោះ៕
ដោយ៖សុថាត់