ឃើញចម្ការផ្កាស្បៃរឿងមានភាពស្រស់ស្អាតបែបនេះ ចង់ទៅលេងភ្លាម !
បើសិនជាភ្ញៀវទេសចរ និង អ្នកដំណើរទាំងឡាយបានទៅដល់ខេត្តប៉ៃលិនហើយនោះ សូមកុំភ្លេចទៅទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃចម្ការស្បៃរឿង ដែលស្ថិតនៅក្នុង ភូមិអូរអិល សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជារៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ និង ថ្ងៃបុណ្យជាតិម្តងៗមានភ្ញៀវទេសចរជាច្រើនបាននាំគ្នាចូលទៅទស្សនាចម្ការស្បៃរឿងជាហូរហែឥតដាច់ ដោយមានអ្នកខ្លះជិះម៉ូតូ និង ខ្លះទៀតបើករថយន្តដឹកក្រុមគ្រួសារទៅលេងយ៉ាងសប្បាយរីករាយ។ ជាពិសេសអ្នកទើបរៀបអាពាហ៍ពិពាហ៍បានចូលទៅថតរូបភាពស្អាតៗក្នុងចម្ការនោះផងដែរ ។ ចម្ការផ្កាស្បៃរឿងនោះ ដាំនៅលើផ្ទៃដីប្រមាណជាង ២ហិកតា ។
ភ្ញៀវទេសចរទាំងឡាយ ដែលបានចូលទៅលេងចម្ការផ្កាស្បៃរឿងនោះ សុទ្ធតែបានបង្ហាញនូវសេចក្តីសប្បាយរីករាយ មានអ្នកខ្លះទៀតថតរូបជាលក្ខណៈគ្រួសារ ខ្លះជាលក្ខណៈគូស្នេហ៍ ដែលក្នុងមួយថ្ងៃៗមានភ្ញៀវទេសចររាប់រយនាក់ បានចូលទៅកម្សាន្តនៅចម្ការផ្កាស្បៃរឿងនោះ ។
ដំបូងឡើយម្ចាស់ចម្ការផ្កាស្បៃរឿងនេះ បានមកដាំគ្រាន់តែសម្រាប់នាំចេញទៅប្រទេសថៃប៉ុណ្ណោះ ប៉ុន្តែដោយសារតែចម្ការនេះ មានភាពស្រស់ស្អាតបានទាក់ទាញភ្ញៀវទេសចរឱ្យចូលទៅទស្សនាកម្សាន្តយ៉ាងច្រើនក្នុងមួយថ្ងៃៗ ៕
ដោយ៖សុថាត់