ជប៉ុនបង្កើតរ៉ូបូតដៃសង្សារសម្រាប់អ្នកឯកោ អាចស្គាល់រសជាតិកាន់ដៃគ្នាដើរយ៉ាងរ៉ូមេនទិច
ក្រុមអ្នកស្រាវជ្រាវជប៉ុនមួយក្រុមនៅមហាវិទ្យាល័យ Gifu បានធ្វើការច្នៃបង្កើតដៃរ៉ូបូតមួយហៅឈ្មោះថា «My Girlfriend in Walk» ដើម្បីឲ្យអ្នកប្រើប្រាស់ អាចទទួលបានបទពិសោធនៃការដើរកាន់ដៃគូស្នេហ៍យ៉ាងរ៉ូមេនទិច នេះបើតាមការចេញផ្សាយរបស់ Gizmodo ។
ក្រុមអ្នកស្រាវជ្រាវនៅជប៉ុនមួយក្រុមនេះ បានកើតគំនិតច្នៃប្រឌិតដៃរ៉ូបូតនេះឡើង ដែលផ្សំចេញពីសាច់ជែលទន់ ងាយបត់បែន ប្រៀបដូចសាច់ដៃមនុស្សពិតៗ ។ ធាតុផ្សំពិសេសនៃរ៉ូបូតដៃមួយនេះ រួមមាន ម្រាមដៃ គឺអាចស្ទង់សម្ពាធ ហើយនឹងធ្វើការច្របាច់ដៃត្រឡប់វិញ នៅពេលអ្នកប្រើប្រាស់ចាប់កាន់ដៃរបស់វា ។ បន្ថែមពីនេះ វាមានបំពាក់ប្រព័ន្ធកម្ដៅមេកានិច ដែលអាចឲ្យវាចេញញើសតាមរន្ធរោមនៅដៃរបស់វាបាន ។
ចំពោះចលនារបស់វា គឺស្របតាមការដើររបស់អ្នកប្រើប្រាស់ ដែលអាចបក់ទៅក្រោយចុះឡើង បង្កើតបានជាអារម្មណ៍នៃការដើរកាន់ដៃគ្នាប្រៀបដូចជាមួយមនុស្សពិតៗ ។ ពិសេសជាងនេះទៀត កម្មវិធីបំពាក់លើរ៉ូបូតនោះ អាចបញ្ចេញជាសំឡេងនៃដំណើរមនុស្ស ដូចជាសម្រឹបជើង និងសំឡេងប៉ះទង្គិចសម្លៀកបំពាក់ ប្រៀបបីដូចជាមានមនុស្សដើរក្បែរយើង ធ្វើឲ្យការដើរលំហែរប្រកបដោយភាពរ៉ូមេនទិច មិនចាញ់អ្នកមានគូមែនទែនឡើយ ៕
ប្រភព៖ 9GAG