Lexus អាចនឹងផលិតឡានទំហំតូចជាងម៉ូដែល UX ទៀត
UX គឺជារថយន្តតូចបំផុតមួយរបស់ក្រុមហ៊ុន Lexus ដែលមានទាំងជម្រើសម៉ាស៊ីនសាំង និង Hybrid ។ វាត្រូវបានផលិតដោយផ្អែកលើគ្រោងឆ្អឹង TNGA GA-C ដែលមានលើ Toyota C-HR ផងដែរ ។
ថ្វីបើ UX មានទំហំតូច ប៉ុន្តែក្រុមហ៊ុន Lexus ហាក់បីដូចជាចង់ផលិតរថយន្តដែលមានទំហំតូចជាងនេះទៅទៀត ។ លោក Koji Saro អនុប្រធានក្រុមហ៊ុន Lexus បានពន្យល់ប្រាប់ថា រថយន្ត SUV ខ្នាតតូចលក់ចំណេញជាងរថយន្ត Hatchback ។
“ទោះទំហំតូច ក៏មិនប្រាកដថាថោកដែរ ព្រោះការនិយមកំពុងផ្លាស់ប្តូរហើយ” ។ នេះបើតាមសម្តីលោក Sato ។ អនុប្រធានរូបនេះបានបន្តថា “ខ្ញុំមិនអាចនិយាយឱ្យប្រាកដថា យើងនឹងធ្វើវាឡើយ ប៉ុន្តែយើងកំពុងសម្លឹងមើលគ្រប់ឱកាសទាំងអស់” ។
សូមបញ្ជាក់ថា រថយន្ត Lexus UX មាន ២ ជម្រើសគឺ UX 200 កម្លាំង ១៦៩ និង UX 250h កម្លាំង ១៨១ ហើយមានតម្លៃចាប់ពី ៣២ ៣០០ ដុល្លារនៅលើទីផ្សារបរទេស ៕
ប្រភព ៖ Carbuzz