ឡាន Audi A8 ប្រើម៉ាស៊ីនកូនកាត់ Plug-in Hybrid ស៊ីសាំងតិចស្មានមិនដល់
វាគឺជាលើកដំបូងហើយ ដែល Audi បានបញ្ចេញរថយន្ត A8 ប្រើម៉ាស៊ីនកូនកាត់ Plug-in Hybrid ។ រថយន្តម៉ាស៊ីនកូនកាត់នេះ មានឈ្មោះផ្លូវការថា Audi A8 L 60 TFSI e quattro ដោយបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីកម្លាំង ១០០ គីឡូវ៉ាត់មួយ ដែលបង្កើតកម្លាំងបានសរុប ៤៤៩ សេះ ដំណើរការដោយប្រអប់លេខអូតូ ៨ វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ quattro AWD ។
អាគុយកម្លាំង ១៤,១ គីឡូវ៉ាត់ម៉ោងមួយទៀតត្រូវបានដាក់នៅក្រោមឃ្លុបឥវ៉ាន់ក្រោយ ដែលអនុញ្ញាតឱ្យរថយន្តនេះ ដំណើរការដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៤៦ គីឡូម៉ែត្រ ។
រថយន្ត Audi A8 L 60 TFSI e quattro នេះ អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,៩ វិនាទី ហើយមានល្បឿនអតិបរមាដល់ទៅ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ អ្វីដែលអស្ចារ្យនោះគឺវាមានកម្រិតស៊ីសាំងត្រឹមតែ ២,៥ លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ។
ក្រៅពីដំណើរការដ៏អស្ចារ្យ វាក៏សម្បូរទៅដោយបច្ចេកវិទ្យាទំនើបៗ ដូចរថយន្ត Audi A8 ធម្មតាដែរ ។ A8 L 60 TFSI e quattro នឹងមានតម្លៃចាប់ពី ១២០ ៣៥០ ដុល្លារលើទីផ្សារប្រទេសអាល្លឺម៉ង់ ៕
ប្រភព ៖ Carscoops