Google ចេញ Pixel 4 និង Pixel 4 XL ផ្លូវការ ហើយនេះតម្លៃវា
នៅទីបំផុត Google បានប្រកាសចេញនូវកំពូលស្មាតហ្វូនស៊េរីចុងក្រោយបង្អស់របស់ខ្លួន ដែលមនុស្សជាច្រើនកំពុងទន្ទឹមរង់ចាំ នោះគឺ Pixel 4 និង Pixel 4 XL ។
Pixel 4 ទាំងពីរម៉ូដែលនេះមានចំនួន ៣ ពណ៌ គឺ ស , ខ្មៅ និង ទឹកក្រូច (ផលិតមានកំណត់) ជាមួយតម្លៃ ៧៩៩ ដុល្លារសម្រាប់ Pixel 4 និង ៨៩៩ ដុល្លារសម្រាប់ Pixel 4 XL ។
Pixel 4 XL ប្រើអេក្រង់ទំហំ ៦,៣ អ៊ីង ប្រភេទ Quad HD Display ខណៈ Pixel 4 មានអេក្រង់ទំហំ ៥,៧ អ៊ីង បង្ហាញកម្រិត 1080p ប៉ុណ្ណោះ ។ អេក្រង់របស់ពួកវាទាំងពីរសុទ្ធតែមានកម្រិត Refresh Rate ដល់ទៅ 90Hz ។
ក្រៅពីនោះ Pixel 4 ទាំងពីរមានលក្ខណៈពិសេសដូចគ្នាជាច្រើន ដោយបំពាក់បន្ទះឈីប Snapdragon 855 , RAM 6GB និង ទំហំផ្ទុក 64GB ឬ 128GB ដោយ Pixel 4 មានថាមពលថ្ម 2,800mAh ហើយ Pixel 4 XL មានថាមពលថ្ម 3,700mAh ។
ផ្នែកខាងមុខនៃ Pixel 4 ក្រុមហ៊ុន Google បានបំពាក់កាមេរ៉ាមុខទំហំ 8MP និង 3D Depth Sensor ដែលអនុញ្ញាតឱ្យប្រើនូវមុខងារថ្មី ២ គឺ មុខងារ Face Unlock របស់ Google ដើម្បីឆ្លើយតបទៅនឹងមុខងារ Face ID របស់ Apple និង មុខងារ Motion Sense ដែលអនុញ្ញាតឱ្យអ្នកប្រើកាយវិការដៃដើម្បីបញ្ជាលើកម្មវិធី ដូចជា តន្រ្តី ជាដើម ។
ដោយឡែក កាមេរ៉ានៅផ្នែកខាងក្រោយវិញ Google បានបន្ថែមកាមេរ៉ា Telephoto ទំហំ 16MP មានមុខងារ OIS និង EIS ហើយលេននេះ អាចចុច 2x Zoom បានទៀតផង ខណៈកាមេរ៉ាគោលរបស់វាមានទំហំ 12MP ជាមួយមុខងារ Dual Pixel Autofocus ហើយក៏មានមុខងារ OIS និង EIS ផងដែរ ។ វាមានសមត្ថភាពអាចថតវីដេអូដល់កម្រិត 4k 30fps និង Slow-motion ក្នុងកម្រិត 1080p 120fps ៕
- Pixel 4
- Pixel 4 XL
ប្រភព ៖ theverge