Porsche កំពុងសំងំផលិតឡានហោះ ដំណើរការដោយថាមពលអគ្គិសនី
ខណៈពេលដែលរថយន្តអគ្គិសនី និង ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ កំពុងវិវត្តន៍ទៅមុខនៅក្នុងវិស័យយានយន្ត ក្រុមហ៊ុនមួយចំនួនបានសម្លឹងកាន់តែឆ្ងាយទៅមុខ ហើយគិតដល់ការផលិតរថយន្តហោះទៀតផង ។
ជាក់ស្តែង ក្រុមហ៊ុនរថយន្តមួយចំនួនដូចជា Audi បានចាប់ដៃជាមួយ Airbus និង Italdesign ដើម្បីផលិតរថយន្តហោះ Pop.Up.Next , Toyota កំពុងផលិតរថយន្តហោះដើម្បីអុចភ្លើងក្នុងកីឡាអូឡាំពិច ស្របពេលដែល Uber ចង់ដាក់ដំណើរការសាកល្បងសេវាកម្មតាក់ស៊ីហោះជាដើម ។
ស្របពេលដែលគម្រោងរបស់ក្រុមហ៊ុនទាំងនោះមិនទាន់បានផ្លែផ្កាច្រើន ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Porsche ឯណេះវិញ បានប្រកាសថាខ្លួនកំពុងចាប់ដៃជាមួយ ក្រុមហ៊ុនយន្តហោះ Boeing ដើម្បីផលិតគំរូរថយន្តអគ្គិសនីហោះ ។
បើតាមរូបភាព Render ប៉ុន្មានសន្លឹកចេញដោយក្រុមហ៊ុន Porsche ផ្ទាល់ បង្ហាញឱ្យឃើញពីរូបរាងគំរូរថយន្តហោះនោះ ដែលទទួលបានការរចនាបែបស្លីម មានស្លាបខ្លី ហាក់ស្រដៀងទៅនឹងរថយន្ត Porsche 911 ដែរ ។
ថ្វីបើព័ត៌មានលម្អិតអំពីគម្រោងនេះនៅមានតិចតួច ប៉ុន្តែ Porsche និយាយថា ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនទាំងពីរ បង្កើនភាពខ្លាំង និង ការយល់ដឹងពីទីផ្សារ ដើម្បីសិក្សាពីអនាគតនៃរថយន្តហោះចល័តតាមទីក្រុង ៕
ប្រភព ៖ Carbuzz