Toyota ចេញគំរូឡាន Mirai ឆ្នាំ ២០២១ ប្រើអ៊ីដ្រូហ្សែន
Toyota បានបញ្ចេញគំរូរថយន្ត Mirai ជំនាន់ទី ២ ថ្មី ដែលត្រៀមខ្លួនរួចជាច្រើនដើម្បីចូលសង្វាក់ផលិតកម្ម ហើយនឹងចេញលក់នៅចុងឆ្នាំ ២០២០ ខាងមុខ ។
គួររំលឹកឱ្យដឹងថា រថយន្ត Mirai ជំនាន់ទី ១ បានបង្ហាញខ្លួនដំបូងកាលពីឆ្នាំ ២០១៥ ហើយជារថយន្តប្រើអ៊ីដ្រូហ្សែន (Hydrogen Fuel-Cell Electric Vehicle) ដំបូងបង្អស់ដែលមានលក់នៅអាមេរិកខាងជើងទៀតផង ប៉ុន្តែមិនសូវទទួលបានការចាប់អាមរ្មណ៍ឡើយ ។
ឥឡូវនេះ Toyota បានផ្លាស់ប្តូរការរចនាទាំងស្រុងសម្រាប់រថយន្ត Mirai ជំនាន់ថ្មី ដោយមានរូបរាងស្រដៀងទៅនឹង Lexus ហើយប្តូរគ្រោងឆ្អឹងថ្មី សម្រាប់ប្រព័ន្ធបើកបរប៉ុងក្រោយថ្មីផងដែរ ។
រថយន្ត Mirai ជំនាន់ទី ២ ថ្មីនេះប្រើគ្រោងឆ្អឹង Toyota’s Global RWD Platform ដែលជួយឱ្យវាមានដំណើរការកាន់តែប្រសើរ ហើយក៏មានចម្ងាយបើកបរច្រើនជាងមុន សរុបប្រហែល ៦៣០ គីឡូម៉ែត្រ ។
សូមបញ្ជាក់ថា រថយន្តប្រើអ៊ីដ្រូហ្សែន (FCEV) នេះមិនដូចរថយន្តប្រើអគ្គិសនីឡើយ ដោយវាបង្កើតថាមពលអគ្គិសនីដោយខ្លួនឯង ពីអ៊ីដ្រូហ្សែន និង អុកស៊ីហ្សែន ។ រថយន្តប្រើអ៊ីដ្រូហ្សែនមានចំណុចល្អខ្លាំងលើសរថយន្តប្រើអគ្គិសនី ត្រង់ថាវាអាចបញ្ចូលថាមពលពេញ ត្រឹមពេល ៥ នាទីប៉ុណ្ណោះ ៕
ប្រភព ៖ Carscoops