iPhone 11 Pro និង Pro Max បំពាក់កាមេរ៉ា ៣ គ្រាប់ សមត្ថភាពខ្លាំងទប់មិនឈ្នះ
Apple បានប្រកាសចេញ iPhone 11 Pro និង iPhone 11 Pro Max ជាផ្លូវការ ជាមួយនឹងការបំពាក់កាមេរ៉ា ៣ គ្រាប់ , ឈីប A13 , ពណ៌ថ្មី , អេក្រង់ Super Retina XDR និង លក្ខណៈពិសេសជាច្រើនទៀត ។
iPhone 11 Pro នឹងមានតម្លៃចាប់ពី ៩៩៩ ដុល្លារ ខណៈ iPhone 11 Pro Max នឹងមានតម្លៃចាប់ពី ១០៩៩ ដុល្លារ ។ ពណ៌ថ្មីលើ iPhone 11 Pro ទាំងពីរម៉ូដែល មានដូចជា ពណ៌បៃតង (Midnight Green) និង ពណ៌ទឹកមាស ។
Apple បានបន្ថែមលេន Ultra-wide លើ iPhone 11 Pro ទាំងពីរម៉ូដែល ដែលអាចចុច Zoom ពី 0.5x ទៅ 2x , អាចថតបាន ១២០ ដឺក្រេ ក្នុងកម្រិត Aperture f/2.4 ។ ចំណែកឯលេន Telephoto និង Wide-angle ត្រូវបានអាប់ដេតកាន់តែប្រសើរ ។ វាអាចថតវីដេអូដល់កម្រិត 4K 60fps ជាមួយមុខងារ Expanded Dynamic Range , Slo-mo និង Time-lapse ផងដែរ ។ មិនតែប៉ុណ្ណោះ វាក៏មានមុខងារ Night Mode ដែលនឹងដំណើរការដោយស្វ័យប្រវត្តិ ដោយបន្ថែមពន្លឺ និង កាត់អុចរូប ពេលថតនៅទីងងឹត ទៀតផង។
ចំណែកឯផ្នែកខាងមុខ iPhone 11 Pro ទាំងពីរម៉ូដែល បំពាក់កាមេរ៉ាមុខទំហំ 12MP ដែលអាចថត Wide-angle បាន ព្រមទាំងអាចថតវីដេអូដល់កម្រិត 4K 60fps និង Slow-mo ផងដែរ ។
រឹតតែពិសេសជាងនេះទៅទៀត Apple ក៏បានបង្ហាញ Filmic Pro ដែលអនុញ្ញាតឱ្យអ្នកថតវីដេអូ 4K ចេញពីកាមេរ៉ាច្រើនគ្រាប់ក្នុងពេលតែមួយ ដើម្បីទទួលប្លង់ផ្សេងគ្នាក្នុងពេលតែមួយទៀតផង ។
iPhone 11 Pro ទាំងពីរម៉ូដែលខាងលើនឹងបំពាក់ឈីប A13 Bionic ជាមួយនឹងល្បឿន CPU និង GPU លឿនបំផុតលើទីផ្សារស្មាតហ្វូនបច្ចុប្បន្ន ។ លើសពីនេះទៅទៀត វាមានថាមពលថ្មយូរជាង iPhone XS ៤ ម៉ោងសម្រាប់ iPhone 11 Pro និង ៥ ម៉ោងសម្រាប់ iPhone 11 Pro Max ព្រមទាំងមានមុខងារសាកថ្មល្បឿនលឿនកម្លាំង 18W ផងដែរ ។
ក្រៅពីនោះ Apple បានអាប់ដេតមុខងារ Face ID ឱ្យដំណើរការកាន់តែលឿនជាងមុន ហើយអាចស្កេនចេញពីមុំច្រើនជាងមុន ៕
ប្រភព ៖ 9to5mac