មើលពីក្រៅធម្មតា តែ Bentley Bentayga ពាក់អាវក្រោះនេះ មិនខ្លាចសូម្បីគ្រាប់បែក
នៅពេលដែលអ្នកមានទ្រព្យសម្បត្តិស្តុកស្តម ការប្រើប្រាស់រថយន្តប្រណីតតែមួយមុខមិនគ្រប់គ្រាន់ឡើយ ដោយអ្នកត្រូវការរថយន្តដែលអាចការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកទៀតផង ។
កន្លងមក យើងធ្លាប់បានឃើញរថយន្តបំពាក់អាវក្រោះការពារ ដូចជា BMW X5 និង Audi RS7 រួចមកហើយ ប៉ុន្តែឥឡូវនេះក្រុមហ៊ុនកាណាដាមួយមានឈ្មោះថា Inkas Armored Vehicle Manufacturing បានបញ្ចេញរថយន្តការពារគ្រាប់ចុងក្រោយបង្អស់របស់ខ្លួន គឺ Bentley Bentayga ។
រថយន្ត Bentley Bentayga ខាងលើ មានកម្រិតការពារគ្រាប់ CEN 1063 BR6 ដែលអាចការពារគ្រាប់ផ្លោងត្រង់កន្លែងធុងសាំង , អាគុយ និង ប្លុកបញ្ជាផ្សេងៗ ។ សូម្បីតែគ្រាប់បែកដៃ , គ្រាប់កាំភ្លើង AK47 និង AR10 ព្រមទាំង គ្រាប់បែកបញ្ជា DM51 ក៏វាអាចទប់ទល់បានផងដែរ ។ មិនតែប៉ុណ្ណោះ វាបានបំពាក់ភ្លើងអាសន្ននៅប៉ាណាមុខ និង ស៊ីរ៉ែន ហើយអ្នកក៏អាចជ្រើសរើស ការពារបំពង់ស៊ីម៉ាំង , ប្រព័ន្ធបាញ់ផ្សែង , ប្រព័ន្ធការពារម៉ាស៊ីនមិនឱ្យឆេះ និង ដៃទ្វារឆក់ ទៀតផង ។
មិនត្រឹមតែសុវត្ថិភាពប៉ុណ្ណោះទេ តែ Bentley Bentayga ការពារគ្រាប់នេះក៏លឿនដែរ ដោយប្រើម៉ាស៊ីនសាំងចំណុះ ៦,០ លីត្រ Twin-turbocharged ទំហំ ១២ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៦០០ សេះ ។ វាមានតម្លៃរហូតដល់ទៅ ៥០០ ០០០ ដុល្លារឯណោះ ខណៈ Bentley Bentayga ធម្មតាមានតម្លៃត្រឹមចាប់ពី ២២៩ ១០០ ដុល្លារប៉ុណ្ណោះ ៕
ប្រភព ៖ Carbuzz