Audi ចេញ RS 6 Avant គូទហើម ឆ្នាំ ២០២០ ប្រើម៉ាស៊ីន ៨ ខ្លាំងកប់
Audi បានបញ្ចេញរថយន្តគូទហើមប្រភេទស្ព័រ ម៉ូដែល RS 6 Avant ថ្មីសន្លាង (All-new) ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ដែលទទួលបានការរចនាឡើងវិញទាំងស្រុង ទាំងផ្នែកខាងក្រៅ និង ខាងក្នុង ។
RS 6 Avant ប្រើម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៥៩២ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ Quattro AWD ។ វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៦ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមារហូតដល់ទៅ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ជាមួយគ្នានេះដែរ RS 6 Avant បានបំពាក់មកជាមួយនូវប្រព័ន្ធបូម Tuned Adaptive Air Suspension ដ៏ពិសេស ដែលជួយឱ្យវាដំណើរការយ៉ាងប្រសើរនៅលើផ្លូវកោង ។ អ្នកបើកបរអាចជ្រើសរើសមុខងារបើកបរ ៦ ផ្សេងគ្នា រួមទាំង Auto, Comfort, Aynamic និង Efficiency ទៀតផង ។
ដោយឡែក ផ្នែកខាងក្នុងរបស់វាបំពាក់នូវអេក្រង់ព័ត៌មាន-កម្សាន្ត ទំហំ ១០,១ អ៊ីង និង អេក្រង់បង្ហាញព័ត៌មានមួយទៀតនៅផ្នែកកណ្តាល ទំហំ ៨,៦ អ៊ីង ព្រមទាំងកុងទ័រឌីជីថលទំហំ ១២,៣ អ៊ីងផងដែរ ៕
ដោយ ៖ ឡុង
ប្រភព ៖ Carscoops