ត្រៀមលុយទៅ! Toyota ចេញ Land Cruiser Heritage Edition ថ្មី ហើយនេះតម្លៃវា!
ថ្មីៗនេះ Toyota ទើបតែបានបង្ហាញតម្លៃរថយន្តស៊េរីឆ្នាំ ២០២០ របស់ខ្លួនជាច្រើនម៉ូដែល ដោយក្នុងនោះរួមមានទាំង 4Runner, Yaris និង 86 Hakone Edition ផងដែរ ។ ឥឡូវនេះ ក្រុមហ៊ុនរថយន្តជប៉ុនខាងលើបានប្រកាសតម្លៃនៃរថយត្ត SUV ដ៏ពេញនិយមរបស់ខ្លួន គឺ Land Cruiser Heritage Edition ។
Land Cruiser Heritage Edition បានបង្ហាញខ្លួនដំបូង នៅក្នុងកម្មវិធី Chicago Auto Show កាលពីខែកុម្ភៈកន្លងទៅ ហើយវានឹងចេញលក់ក្នុងពេលប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ក្នុងតម្លៃចាប់ពី ៨៧ ៦៤៥ ដុល្លារសម្រាប់ទីផ្សារសហរដ្ឋអាមេរិក (ថ្លៃជាងម៉ូដែលធម្មតា ២ ៤៨០ ដុល្លារ) ហើយផលិតត្រឹមតែ ១ ២០០ គ្រឿងប៉ុណ្ណោះ ។
រថយន្តប្រភេទពិសេសនេះត្រូវបានផលិតឡើងដើម្បីអបអរខួបលើកទី ៦០ ឆ្នាំរបស់ Land Cruiser ដោយវាទទួលបានការរចនាមួយចំនួនខុសប្លែកពី Land Cruiser ធម្មតា ដោយក្នុងនោះរួមមានទាំង យ៉ាន់ BBS ទំហំ ១៨ អ៊ីង , ប៉ាណាមុខពណ៌ខ្មៅ , ក្រូមេពណ៌ខ្មៅព័ទ្ធជុំវិញអំពូលកាត់អ័ព្ទ និង ចង្កៀងក្រោយ ជាដើម ។ វាមានតែ ២ ពណ៌ប៉ុណ្ណោះ គឺ ពណ៌ខ្មៅ (Midnight Black Metallic) និង ពណ៌ស (Blizzard Pearl) ។
ចំណែកឯផ្នែកខាងក្នុងវិញ វាបានបំពាក់ពូកស្បែកពណ៌ខ្មៅ រំលេចដោយថ្នេរដេរពណ៌ទង់ដែង ទាំងលើកៅអី និង តាប្លូ ហើយដកកៅអីជួរទី ៣ ចេញទាំងស្រុងតែម្តង ។
សូមបញ្ជាក់ថា Land Cruiser Heritage Edition នៅតែបំពាក់ម៉ាស៊ីនដដែល គឺ ចំណុះ ៥,៧ លីត្រ ទំហំ ៨ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៣៨១ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ 4WD ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ ៖ ឡុង
ប្រភព ៖ Motor1