មិននឹកស្មាន លី លានជា រកប្រាក់ឈ្នួលបានត្រឹម ១ យ័នក្នុងមួយថ្ងៃ ពេលសម្ដែងខ្សែភាពយន្តដំបូង
កំពូលតារាសម្ដែងជើងចាស់របស់ប្រទេសចិន Jet Li ដែលមហាជនកម្ពុជាស្គាល់ច្បាស់ថាជា «លី លានជា» នោះ ជាតារាឆ្នើមមួយរូប ដែលល្បីល្បាញខ្លាំង មានមុខមិនសូវដាច់ក្នុងខ្សែភាពយន្តវាយតប់បែបគុនបុរាណចិន។
មកទល់បច្ចុប្បន្ន តារាប្រុសរូបនេះ មានវ័យ ៦០ ឆ្នាំទៅហើយ ប៉ុន្តែស្នាដៃ និង កេរ្តិ៍ឈ្មោះរបស់លោក នៅតែមានការទទួលស្គាល់ និង ល្បីសុសសាយដដែល។ យ៉ាងណាមិញ ថ្មីៗនេះ លោក លី លានជា បានធ្វើឱ្យមហាជនអ្នកគាំទ្រ មានការភ្ញាក់ផ្អើលខ្លាំង ក្រោយរូបលោកបានទម្លាយពីប្រាក់ចំណូលដែលលោករកបាន អំឡុងពេលចូលប្រឡូកវិស័យសម្ដែងជាលើកដំបូង។
រឿងរ៉ាវប្រាក់ចំណូលពីរឿងដំបូងនេះដែរ លោក លី លានជា បានសរសេររៀបរាប់ក្នុងសៀវភៅថ្មីរបស់លោក ដែលមានចំណងជើងថា «Jet Li:Beyond Life and Death» ដោយលោកបានរៀបរាប់ថា លោករកប្រាក់បានត្រឹម ១ យ័ន (ប្រមាណ ០.១៤ ដុល្លារ) ប៉ុណ្ណោះក្នុងមួយថ្ងៃ នៅពេលដែលចូលសម្ដែងក្នុងខ្សែភាពយន្តដំបូង (Shaolin Temple) កាលពីឆ្នាំ ១៩៨០ នោះ។
បើទោះជាប្រាក់ចំណូលបានតិចខ្លាំងក្ដី ប៉ុន្តែលោក លី លានជា ក៏បានបញ្ចេញអារម្មណ៍រំភើបដែរថា អរគុណទៅដល់ខ្សែភាពយន្តដំបូងនោះហើយ ដែលធ្វើឱ្យលោកមានឈ្មោះបោះសំឡេង មានគេស្គាល់ចាត់ទុកជាតារាសម្ដែងល្បី ត្រឹមពេលដ៏ខ្លីនោះ។ លោកបានរៀបរាប់ថា៖ «ភ្លាមៗ ខ្ញុំបានក្លាយជាតារាភាពយន្ត ដែលមានមនុស្សជាច្រើនស្គាល់។ គ្រប់គ្នា មកសុំហត្ថលេខាពីខ្ញុំ ហើយក៏មានការសុំឱ្យខ្ញុំធ្វើបទសម្ភាសច្រើនផងដែរ។ ខ្ញុំក៏បានគិតថា ដំណើរអាជីពជាតារាសម្ដែងរបស់ខ្ញុំបានចាប់ផ្ដើមហើយ»៕