នៅជប៉ុន អ្នកប្រមូលសំរាមម្នាក់រើសបានលុយសុទ្ធជាង ២ ម៉ឺនដុល្លារក្នុងគំនរសំរាម ប្រគល់ឱ្យប៉ូលិសស្វែងរកម្ចាស់វិញ
បុគ្គលិករោងចក្រប្រមូលសំរាមម្នាក់ នាខេត្ត Hiroshima ប្រទេសជប៉ុន បានប្រទះឃើញលុយសុទ្ធជាង ៣០០ សន្លឹក ដែលគិតជាប្រាក់ចំនួន ៤ លានយេន (២៧ ០០០ ដុល្លារ) ខណៈពេលលោកកំពុងប្រមូលសំរាមដាក់លើឡាន។
រឿងរ៉ាវនេះបានកើតឡើងកាលពីចុងឆ្នាំ ២០២៣ កន្លងទៅ ដោយមន្ត្រីប្រចាំក្រុង Fukuyama នៃខេត្ត Hiroshima ប្រទេសជប៉ុន បានឱ្យដឹងថា ពួកគេទទួលបានក្រដាសប្រាក់សុទ្ធពីបុរសម្នាក់ជាបុគ្គលិកនៃរោងចក្រប្រមូលសំរាម ចំនួន ៣៣៨ ១០ ០០០ យេន ដោយក្នុងដែរមានក្រដាសលុយ ២០ សន្លឹកបានរហែក ដូចនេះសរុបទាំងអស់ ៤ លានយេន។
តាមឱ្យដឹង បុរសជាបុគ្គលិករូបនោះ បានប្រទះឃើញលុយនេះ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ខណៈពេលដែលលោកលើកសំរាមដុតមិនឆេះ ដែលត្រូវបានកិនដោយម៉ាស៊ីនក្នុងរោងចក្រ ដាក់ទៅក្នុងឡាន។ គួរបញ្ជាក់ថា រោងចក្រនេះគឺជារោងចក្រកែច្នៃសំរាម ដោយគេប្រមូលសំរាមដែលដុតមិនឆេះ ពីក្រុង Fukuyama នៃខេត្ត Hiroshima នេះ។
មន្ត្រីប្រចាំក្រុងម្នាក់ បានឱ្យដឹងទៀតថា រោងចក្រខាងលើនេះ ពេលខ្លះក៏រកឃើញកាបូបលុយ ដែលមានផ្ទុកកាក់ និង របស់របរផ្សេៗទៀតផងដែរ ប៉ុន្តែពួកគេមិនដែលបានប្រទះក្រដាសលុយសុទ្ធច្រើនសន្ធឹកបែបនេះទេ។ បច្ចុប្បន្ន ខាងប៉ូលិសក្រុងកំពុងស្វែងរកម្ចាស់លុយ ដើម្បីប្រគល់ជូនវិញ។ យ៉ាងណាមិញ បើតាមច្បាប់ប្រសិនបើខាងអាជ្ញាធរមិនអាចស្វែងរកឃើញម្ចាស់ក្នុងរយៈពេល ៣ ខែទេ នោះអ្នកដែលរកឃើញប្រាក់ទាំងនោះ នឹងមានសិទ្ធិទទួលបានប្រាក់នោះ៕