បុរសម្នាក់ធ្វើខួបកំណើតឱ្យឆ្កែ ទិញនំ cake ទម្ងន់ ១០០ គីឡូ ហៅភ្ញៀវដល់ ៤ ពាន់នាក់
បុរសជនជាតិឥណ្ឌាម្នាក់ឈ្មោះ Shivappa Yellappa កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយពេលលោកលេងឈុតធំ រៀបចំពិធីខួបកំណើតយ៉ាងធំដុំឱ្យសត្វឆ្កែសំណព្វចិត្តរបស់លោក នៅទីក្រុង Belagavi កាលពីពេលថ្មីៗនេះ។
អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍បំផុតនោះគឺថា ក្នុងពិធីខួបកំណើតឆ្កែមួយក្បាលនេះ បុរសជាម្ចាស់បានកុម្ម៉ង់ធ្វើនំ cake យ៉ាងធំសម្បើមមួយទម្ងន់រហូតដល់ ១០០ គីឡូក្រាម និង អញ្ជើញភ្ញៀវចូលរួមរហូតដល់ ៤ ពាន់នាក់។
បើតាមរយៈវីដេអូដែលបានចែកចាយតាមបណ្ដាញសង្គម Twitter បង្ហាញឱ្យឃើញបុរសជាម្ចាស់ បានធ្វើការកាត់នំ cake ទម្ងន់ ១០០ គីឡូនោះឱ្យឆ្កែរបស់លោក ខណៈឆ្កែជាម្ចាស់ខួប ដែលមានឈ្មោះថា Krish ឈរនៅកណ្ដាល អមដោយមនុស្សចូលរួមកុះករព័ទ្ធជុំវិញនំ។
វីដេអូមួយនេះដែរ បានផ្ទុះការចាប់អារម្មណ៍ និង ចែកចាយព្រោងព្រាតពាសពេញបណ្ដាញសង្គម ដោយមហាជនជាច្រើនបង្ហាញការគ្រឺតក្នាញ់សត្វឆ្កែមួយក្បាលនោះជាខ្លាំង។ ទោះជាយ៉ាងណា ក៏មានមតិមហាជនមួយចំនួនទៀតបង្ហាញការមិនពេញចិត្តចំពោះទង្វើរបស់ម្ចាស់ឆ្កែផងដែរ ដោយពួកគេលើកឡើងថា ការធ្វើខួបនេះ មិនមែនផ្ដោតសំខាន់លើឆ្កែនោះទេ ដោយមើលទៅម្ចាស់ធ្វើឡើងគ្រាន់តែចង់ល្បីខ្លួនឯងតែប៉ុណ្ណោះ៕