ស្មានគូល័រផាត់ភ្នែក តាមពិតនេះជាទិដ្ឋភាពថតពីលើ បឹងអំបិលសោះ
កន្លងមក កម្រងរូបភាពមួយចំនួននៃកន្លែងល្បីល្បាញមួយប្រចាំប្រទេសចិន ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ដែលធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំង រហូតមួយចំនួនភ្ញាក់ដោយមើលដំបូង ស្មានតែជាគូល័រផាត់ភ្នែក ។
កន្លែងដ៏ទាក់ទាញមួយនេះ ហៅឈ្មោះថា Yuncheng Salt Lake ដែលជាបឹងអំបិលមួយ មានទីតាំងនៅតំបន់ Guangxi ក្រុង Yongcheng ខេត្ត Shanxi ដែលជាយូរណាស់មកហើយ ត្រូវបានគេហៅថាជា សមុទ្រមរណៈប្រចាំប្រទេសចិន ។
តាមប្រវត្តិសាស្ត្ររបស់ប្រទេសចិន បានប៉ាន់ប្រមាណថា ប្រជាជនក្នុងតំបន់ខ្លួន បានប្រមូលផលអំបិលពីបឹងមួយនេះអស់ពេលជាង ៦ ពាន់ឆ្នាំមកហើយ ។ មកទល់បច្ចុប្បន្ន បឹងមួយនេះនៅតែចាត់ទុកជាប្រភពអំបិលធំបំផុតសម្រាប់ផ្គត់ផ្គង់ពលរដ្ឋក្នុងប្រទេសខ្លួន ។
បើនិយាយពីពណ៌ចម្រុះដ៏គួរឲ្យទាក់ទាញនៃបឹងនេះ គឺកើតមានឡើងក្នុងអំឡុងរដូវក្ដៅ ដោយសារតែអាកាសធាតុក្ដៅ ។ អ្នកវិទ្យាសាស្ត្រជាច្រើនបានពន្យល់បញ្ជាក់ថា ការប្រែពណ៌នេះដោយសារតែពពួក microalgae ដ៏ប្លែកដែលមានឈ្មោះថា Dunaliella Salina ។ ដោយមានការជះមកជាមួយកម្ដៅ និងពន្លឺព្រះអាទិត្យ ពពួកសារ៉ាយប្រភេទនេះ នឹងប្រតិកម្មជាមួយអំបិលក្នុងទឹក បង្កើតបានជាដុំគ្រាប់គ្រីស្តាល់ចម្រុះពណ៌ (Glouber’s Salt) ធ្វើឲ្យផ្ទៃបឹងមើលទៅដូចជាទិដ្ឋភាពក្នុងរឿងព្រេងនិទាន ៕
ប្រភព៖ Kenh14