យុវជនម្នាក់ គាំងបេះដូងស្លាប់នឹងកន្លែង ដោយសារលេងហ្គេម PUBG ជក់ខ្លាំងពេក !
យុវជនឥណ្ឌាម្នាក់ បានគាំងបេះដូងស្លាប់ភ្លាមៗ ដោយសារតែជក់លេងហ្គេម PUBG រយៈពេល ៦ ម៉ោងជាប់គ្នាគ្មានសម្រាកបន្តិចសោះ ដែលករណីនេះបានកើតឡើងនៅរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ។ ជនរងគ្រោះមានឈ្មោះ Furkhan Qureshi ជាមនុស្សញៀនហ្គេម PUBG ហើយនៅថ្ងៃកើតហេតុនោះ គេបានចំណាយពេល ៦ ម៉ោង មិនហូបអាហារ មិនដេក ពោលគឺលេងតែហ្គេម PUBG នៅលើទូរស័ព្ទរបស់គេមួយមុខប៉ុណ្ណោះ ដូច្នេះហើយទើបធ្វើឱ្យដួលសន្លប់ស្ដូកស្ដឹងតែម្ដង ។
លោកវេជ្ជបណ្ឌិត Ashok Jain អ្នកឯកទេសបេះដូងបាននិយាយថា ហេតុផលដែល Furkhan ស្លាប់ ព្រោះតែគេផ្ដោតអារម្មណ៍ទៅលើហ្គេមខ្លាំងពេក ដូច្នេះមានពេលខ្លះខឹង ហើយពេលខ្លះរំភើបខ្លាំងរហូតដល់គាំងបេះដូងស្លាប់តែម្ដង ។ សូមរំឮកថា កន្លងមកក៏មានយុវជនឥណ្ឌាម្នាក់រស់នៅទីក្រុង Hyderabad សុខចិត្តធ្វើអត្តឃាត ដោយសារតែម្ដាយរបស់គេឈប់បន្តឱ្យគេលេងហ្គេម PUBG ទៅទៀត ៕
ដោយ៖ ម៉ានី
ប្រភព៖ worldofbuzz