អ្នកជំនាញព្រមានថា មិនលើសពី ១០ ឆ្នាំទៀតទេ ពូជស្វាមួយប្រភេទនឹងបាត់ពីផែនដី !
ផែនដីនាពេលបច្ចុប្បន្ននេះកំពុងគំរាមកំហែងខ្លាំងដោយសារការកាប់បំផ្លាញព្រៃឈើដែលជាមូលហេតុបណ្ដាលសត្វមួយចំនួនធំផុតពូជ ។ ជាក់ស្ដែងខណៈពេលនេះអ្នកជំនាញកំពុងសម្ដែងការព្រួយបារម្ភខ្លាំងទៅនឹងការប្រឈមមុខបាត់បង់ពូជសត្វស្វា Orangutans ពីផែនដី ។
នាយកប្រតិបត្តិនៃអង្គការជួយសង្គ្រោះសត្វអន្តរជាតិលោក Alan Knight បានព្រមានថា ពូជស្វា Orangutans កំពុងស្ថិតនៅក្នុងដំណាក់កាលមួយឈានទៅរកការផុតពូជ ប្រសិនបើព្រៃឈើនៅតែបន្តបាត់បង់ ហើយជាមួយគ្នានេះលោកក៏សម្លឹងឃើញថា បើនៅតែប្រព្រឹត្តដូចនេះ មិនលើសពី ១០ ឆ្នាំទៀតទេ វានឹងផុតពូជហើយ ។
ទន្ទឹមគ្នានេះដែររបាយការណ៍ពីសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) បានរាយការណ៍ថា ព្រៃដែលស្វា Orangutans ធ្លាប់រស់នៅ បច្ចុប្បន្នបានក្លាយជាចម្ការប្រេងដូង ចំការកៅស៊ូ ។ល។ សូមបញ្ជាក់ថា បច្ចុប្បន្នពូជស្វា Orangutans កំពុងស្ថិតនៅលើតារាងកំពូលនៃចំណោមសត្វដែលកម្រ ក្នុងនោះមានដូចជា សត្វខ្លាធំ ឬ ខ្លាដំបង រមាសស៊ូម៉ាត្រា និង Malayan pangolin ៕
ដោយ៖ ម៉ានី
ប្រភព៖ worldofbuzz