ញ៉ាំផ្លែស្រស់រងាន់ពេក បែកគំនិតច្នៃមីនុយពិសេសថ្មី ឆាទុរេនជាមួយស្រ្តបឺរី រសជាតិផ្អែមផងជូរផង ទំនងម្យ៉ាង
ធ្មេចបើកៗសោះ ឥឡូវរដូវកាលផ្លែទុរេនប្រចាំឆ្នាំ ក៏កំពុងតែឈានចូលមកដល់ទៅហើយ ដែលផ្លែទុរេនក៏ចាប់ផ្តើមមានលក់បណ្តើរៗ ឯអ្នកដែលចូលចិត្តញ៉ាំ ក៏កំពុងតែឃ្លាន និងស្វះស្វែងរកទិញនៅតាមទីផ្សារនានាដែរ។
យ៉ាងណាមិញ ក្នុងនោះ ក៏មានមនុស្សមួយចំនួន បានរកនឹកឃើញវិធីប្លែកៗក្នុងការកែច្នៃផ្លែទុរេនឱ្យកាន់តែមានរស់ជាតិពិសេស និងការចាប់អារម្មណ៍ច្រើនដូចគ្នា។
ជាក់ស្តែងថ្មីៗនេះ មានអ្នកលក់នៅហាងអាហារមួយកន្លែងប្រទេសចិនមួយ ចេះរកនឹកឃើញយកទុរេនទៅឆាជាមួយនឹងស្រ្តបឺរី បង្កើតបានជាមុខម្ហូបមួយថ្មី ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ជាច្រើននៅតាមបណ្តាញសង្គម។
តាមវីដេអូបានបង្ហាញឱ្យឃើញថា អ្នកលក់បានយកទុរេនទាំងក្លែប និងស្រ្តបឺរីជាច្រើនផ្លែ មកឆាជាមួយគ្នា គឺផ្សំគ្រឿងដូចជាឆាម្ហូបទូទៅអ៊ីចឹងឯង ដែលដាក់ដោយម្ទេស ស្ករស ប៊ីចេង ខ្ទឹម ទឹកស៊ីអ៊ីវ និងលាយដោយការ៉ុត ខ្ញី និងជីខ្ទឹមទៀតផង។
ឆារួចហើយ គេក៏បានដួសយកមកដាក់ពីលើបាយ ដែលមើលទៅពិតជាទំនងគួរឱ្យចង់ញ៉ាំម្យ៉ាង។ ក្នុងនោះ អ្នកលក់បានឱ្យដឹងថា ផ្លែទុរេន គឺខ្លួនបានយកពីបងប្អូនដោយផ្ទាល់ ហើយលក់នេះ គឺក្នុងតម្លៃប្រហែល ២.៥ ដុល្លារ ដែលក្នុងមួយថ្ងៃលក់បានប្រមាណ ៥ ទៅ ៦ ចាន។
យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គម ឃើញហើយក៏មានការភ្ញាក់ផ្អើល ព្រោះមិនធ្លាប់ឃើញមានមុខម្ហួប ដែលធ្វើពីផ្លែឈើបែបនេះ។ ហើយក៏មានអ្នកយល់ថា ម្ហូបនេះ ធ្វើឱ្យខាតប្រយោជន៍ផ្លែទុរេនទៅវិញទេ គិតទៅបើបរិភោគធម្មតាស្រស់ៗ គឺវាឆ្ងាញ់ជាងឆ្ងាញណាស់៕