ឆ្ងល់អត់? ពេលទៅកន្លែងណាឆ្ងាយៗ យូរអើយសែនយូរទម្រាំដល់ តែពេលមកវិញមួយភ្លែតសោះដល់បាត់ នេះអាចទាក់ទងនឹងចិត្តវិទ្យា
ប្រិយមិត្តមានធ្លាប់ឆ្ងល់ឬទេ ថាពេលយើងធ្វើដំណើរទៅកន្លែងណាមួយ ដូចជាទៅដើរលេងនៅខេត្ត ឬស្រុកកំណើតជាដើម ចេះតែមានអារម្មណ៍ថាពេលទៅយូរណាស់ទម្រាំដល់ តែពេលមកវិញដូចមួយភ្លែត។
បើនិយាយជាទូទៅ ក្នុងមួយថ្ងៃមាន ២៤ ម៉ោងស្មើគ្នា ប៉ុន្តែថ្ងៃខ្លះយើងក៏អាចមានអារម្មណ៍ថាពេលវេលាដើរលឿនជាងធម្មតា ឯថ្ងៃខ្លះទៀតយើងមានអារម្មណ៍ថា ពេលវេលាដើរយឺតជាងធម្មតាទៅវិញ។ រឿងនេះ វាអាចបណ្តាលមកពីកត្តាមួយចំនួន ដូចជាអារម្មណ៍ បរិស្ថានដែលនៅជុំវិញខ្លួន ឬអ្វីដែលយើងកំពុងធ្វើជាដើម។
ដូចទៅនឹងការធ្វើដំណើរជាដើម ពេលទៅណាម្ដងតែងមានអារម្មណ៍ថាយូរណាស់ទម្រាំដល់គោលដៅ តែពេលត្រឡប់មកវិញ គឺលឿនខ្លាំងណាស់ នេះគេហៅវាថា Returning trip effect មានន័យថា ពេលដែលយើងធ្វើដំណើរទៅកន្លែងណាមួយដែលយើងមិនធ្លាប់ទៅគឺយូរ ហើយពេលត្រឡប់មកវិញ គឺមានអារម្មណ៍ថាពេលវេលាដើរលឿន។
មូលហេតុនៃអារម្មណ៍មួយនេះ គឺអាចរកចម្លើយបាននៅក្នុងចិត្តវិទ្យា។ ក្នុងនោះ បើសិនជាយើងចាំមើលតែម៉ោង នោះវានឹងធ្វើឱ្យពេលវេលាមានអារម្មណ៍ថាកាន់តែយូរ។ ជាក់ស្តែង នៅពេលដែលយើងត្រៀមចេញដំណើរទៅកន្លែងណាមួយ យើងតែងមានអារម្មណ៍រំភើប ដូច្នេះហើយទើបយើងតែងចាំមើលតែម៉ោង ព្រោះតែចង់ឱ្យដល់គោលដៅលឿន។
បែបនេះហើយ ទើបធ្វើឱ្យយើងមានអារម្មណ៍ថា ពេលធ្វើដំណើរទៅ ពេលវេលា គឺកន្លងទៅយឺតៗ។ ចំណែកពេលត្រឡប់មកវិញ យើងក៏អស់អារម្មណ៍រំភើប ហើយក៏លែងសូវយកចិត្តទុកដាក់ជាមួយម៉ោងទៀត ទើបធ្វើឱ្យមានអារម្មណ៍ថា វាលឿនជាងពេលធ្វើដំណើរទៅនោះឯង៕