ករណីទី ១! បុរសអាយុ ៧២ ឆ្នាំម្នាក់ ផ្ទុកជំងឺកូវីដបានយូរជាងគេ រហូតដល់ជិត ២ ឆ្នាំ ទើបបា-ត់បង់ជីវិ.ត
សារព័ត៌មាន TIME បានរាយការណ៍ពីករណីការស្រាវជ្រាវរបស់ប្រទេសហូឡង់ ដែលបានរកឃើញថា មានបុរសចំណាស់ម្នាក់ បានផ្ទុកមេរោគកូវីដយូរជាងគេនៅលើលោក គឺរហូតដល់ទៅ ៦១៣ ថ្ងៃ ទម្រាំតែបាត់បង់ជីវិត។
បុរសរូបនេះ មានវ័យ ៧២ ឆ្នាំ ហើយមានភាពមិនប្រក្រតីនៅក្នុងឈាម ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំមិនឆ្លើយតបទៅនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដឡើយ ហើយចុងក្រោយក៏បានមកឆ្លងវីរុសកូវីដប្រភេទ Omicron កាលពីខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ។
ក្រោយពីការវិភាគទៅលើសំណាកដែលយកពីក្នុងបំពង់ក និងច្រមុះចំនួន ១២ សំណាក ក្នុងនោះអ្នកវិទ្យាសាស្រ្តមកពីនៅមជ្ឈមណ្ឌលពិសោធន៍ និងម៉ូលេគុលថ្នាំ របស់សាកលវិទ្យាល័យ Amsterdam បានឱ្យដឹងថា មេរោគបានវិវត្តន៍ធន់នឹងថ្នាំព្យាបាល Covid Sotrovimab ដែលជាថ្នាំព្យាបាលអង្គបដិប្រាណ ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ វីរុសកូវីដបានផ្លាស់ប្តូរច្រើនជាង ៥០ ដង ដែលធ្វើឱ្យវាអាចគេចចេញពីការការពាររបស់ប្រព័ន្ធភាពស៊ាំបានយ៉ាងស្រួល។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការឆ្លងមេរោគ SARS-CoV-2 មានរយៈពេលជាង 20 ខែ គឺជាការឆ្លងយូរបំផុតហើយ ចំណែករណីឆ្លងរហូតដល់ ៦១៣ ថ្ងៃនេះ គេក៏នឹងយកទៅពិភាក្សានៅឯសន្និសីទវេជ្ជសាស្រ្តនៅទីក្រុងបាសេឡូណាផងដែរ។ ដោយឡែក មេរោគកូវីដរបស់បុរសខាងលើ មិនបានចម្លងទៅអ្នកដទៃនោះទេ តែគេក៏បារម្ភទៅលើការធ្វើឱ្យហ្សែននៅក្នុងខ្លួនប្រែប្រួល និងការបំប្លែងខ្លួនយ៉ាងលឿនរបស់វាផងដែរ៕