ចង់ថែសុខភាពទៅទិញសាឡាដមកញ៉ាំដើម្បីបានឆ្ងាញ់មាត់ តែកំពុងផ្សំគ្រឿងស្រាប់តែឃើញកូនហ៊ីងរស់ជ្រងោៗលោតផ្លោតៗក្នុងប្រអប់
មហាជននៅតាមបណ្តាញសង្គមថៃ កំពុងតែផ្ទុះការចាប់អារម្មណ៍ទៅលើរឿងរ៉ាវរបស់បុរសម្នាក់ ដែលប្រទះកូនហ៊ីងមួយទាំងរស់ នៅក្នុងប្រអប់សាឡាដដែលខ្លួនទិញមកទទួលទាន ដើម្បីឆ្ងាញ់មាត់បានម្តង និង ដើម្បីថែសុខភាព។
បុរសរូបនេះ បានឱ្យដឹងថា គេបានទិញសាឡាដមួយប្រអប់មកពីហាងទំនើបមួយកន្លែង រួចក៏យកមកផ្ទះ ហើយចាក់ទឹកជ្រលក់ចូល ព្រមទាំងក្រឡុកវាឱ្យចូលជាតិគ្នា។ ក្រឡុកទៅក្រឡុកមក ស្រាប់តែប្រទះឃើញកូនហ៊ីងមួយក្បាល ដែលកំពុងនៅមានជីវិតនៅឡើយ។ ក្រោយមកគេក៏បានថតរូប ហើយផ្ញើទៅខាងហាងដែលខាងហាងក៏បានអះអាងថានឹងផ្តល់ដំណឹងទៅកាន់ក្រុមហ៊ុនផលិត។
យ៉ាងណាមិញ បន្ទាប់ពីដឹងរឿងហើយខាងក្រុមហ៊ុនគ្រាន់តែព្យាយាមសងលុយ ៤០ បាតវិញ ដែលធ្វើឱ្យបុរសរូបនេះ មានការមិនពេញចិត្តជាខ្លាំង ហើយក៏ដាច់ខាតត្រូវការការបកស្រាយឱ្យច្បាស់ពីខាងក្រុមហ៊ុន។ ក្រោយមកខាងបុគ្គលិកនៅសាខាធំរបស់ក្រុមហ៊ុនក៏បានទាក់ទងមកសុំទោស ដោយមិនបានផ្តល់សំណងអ្វីឡើយ ដែលធ្វើបុរសនេះនៅតែខកចិត្តមិនបាត់នោះទេ៕