ញញើតណាស់! បុរសថៃម្នាក់ហូបសត្វតុកកែឆៅៗស្រស់ៗ ជឿថាអាចជួយបង្កើមសមត្ថភាពផ្លូ-.វភេ-ទបានយ៉ាងមានប្រសិទ្ធភាព
ថ្មីៗនេះ សារព័ត៌មានបរទេសមួយកំពុងតែចុះផ្សាយ និង ចែកចាយពីបុរសជនជាតិថៃម្នាក់ ដែលអះអាងថាការហូបសត្វតុកកែស្រស់ អាចជួយឱ្យសមត្ថភាពផ្លូវភេទរបស់ខ្លួនកើនឡើងបាន ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនោះមានវ័យ ៥៦ ឆ្នាំ ដោយរូបគេបានបរិភោគសាច់សត្វតុកកែស្រស់ៗ ដើម្បីជំនួយដល់រឿងផ្លូវភេទ ហើយជាក់ស្តែងក្រោយពីបរិភោគរួចបានតែ ៣ ម៉ោង ក៏ឃើញថាវាមានប្រសិទ្ធភាពពិតមែន។ បុរសខាងលើបានឱ្យដឹងទៀតថា សាច់តុកកែទាល់តែបរិភោគឆៅៗទើបបានផលល្អ ហើយរឿងនេះគឺជាជំនឿដែលខ្លួនជឿពីតាយាយមកច្រើនជំនាន់មកហើយ វាជាបទពិសោធផ្ទាល់ខ្លួន និង មានប្រសិទ្ធភាពពិតមែន ខ្លួនមិនមែនចេះតែចង់បានចំណាប់អារម្មណ៍នោះទេ។
យ៉ាងណាមិញ បើតាមនាយកដ្ឋានសុខភិបាល បានឱ្យដឹងថា សត្វតុកកែត្រូវបានគេបរិភោគនៅក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ី ដោយសារតែមានជំនឿថាអាចព្យាបាលជំងឺមួយចំនួនបាន ប៉ុន្តែតាមពិតទៅនៅមិនទាន់មានការសិក្សាណាមួយអាចបញ្ជាក់បកស្រាយពីរឿងនេះបាននៅឡើយទេ។ ក្នុងនោះ វេជ្ជបណ្ឌិតជនជាតិថៃមួយរូប ក៏បានឱ្យដឹងថា ការបរិភោគសត្វតុកកែ មានតែធ្វើឱ្យមានគ្រោះថ្នាក់ ជាពិសេសនៅពេលដែលចាប់ ក៏អាចនឹងត្រូវវាខាំ ហើយលើសពីនេះទៅទៀត ក៏មិនមានវិធី ឬ របៀបដែលសម្អាត និង ចម្អិនឱ្យបានច្បាស់លាស់ ដូច្នេះហើយគឺវាមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគណាស់៕