ប្រពន្ធបងអ្នករើស! ប្ដីកំពុងដេកលក់ស្រួល ប្រពន្ធបើកម៉ាស៊ីនថែរក្សាសម្រស់ទាំងកណ្តាលយប់ បែកភ្លើងដូចក្នុងក្លឹប
បើនិយាយនៅ សម្រាប់ស្រ្តីៗ ការថែរក្សាសម្រស់ពិតជាសំខាន់ណាស់ តែពេលខ្លះក៏មានពេលមិនគ្រប់គ្រាន់ ជាពិសេសគឺស្រ្តីដែលក្លាយជាម្តាយគេ និង ជាស្រ្តីមេផ្ទះ។ បើចង់ស្អាតម្តងៗ ទាល់តែឆ្លៀតទើបបាន ជាក់ស្តែងដូចជាករណីមួយនេះនៅចិន នារីជាប្រពន្ធអង្គុយថែរក្សាសម្រស់ជាមួយម៉ាស៊ីនប្លែកៗ ទាំងកណ្តាលយប់ ធ្វើឱ្យប្តីភ្ញាក់មកភ័យមិនតិចឡើយ។
ក្នុងនោះ បើតាមវីដេអូបានបង្ហាញឱ្យឃើញថា ស្រ្តីជាប្រពន្ធកំពុងអង្គុយម្នាក់ឯងនៅមុខកញ្ចក់ ដោយមុខរបស់នាងកំពុងពាក់ក្បាំងអ្វីម្យ៉ាងទំនងជាម៉ាសរក្សាសម្រស់ ដែលចេញភ្លើងក្រហមពេញបន្ទប់ គួរឱ្យល្អសើច មើលទៅដូចជាភ្លើងនៅក្នុងក្លឹបដូច្នោះឯង។ ឯដៃរបស់នាង កំពុងកាន់របស់អ្វីម្យ៉ាងដាក់ទៅលើជើង ដោយរបស់នោះបញ្ចេញសំឡេងលាន់ឮផស់ៗ ហើយថែមទាំងលោតភ្លើងព្រាកៗទៀតផង។
ដោយឡែក មើលទៅបុរសជាប្តី ទំនងជាដេកមិនបាន ព្រោះតែការងាររក្សាសម្រស់របស់ប្រពន្ធនេះឯង ទើបទាញកាមេរ៉ាមកថត ព្រមទាំងសួរនាំ ហើយក៏បានលួចសើចបន្តិចដែរ។ ឯមហាជនវិញ ក៏អស់សំណើចដូចគ្នា ព្រោះគិតថា អ្នកម្តាយៗបើមិនឆ្លៀតដូច្នេះទេ នឹងគ្មានថ្ងៃបានស្អាតឡើយ៕