កុំជ្រួលតាមគេអី! ចង់បានសក់ស្អាត ស្ទុះវឹងទិញថ្នាំអ៊ុតសក់ត្រង់មកអ៊ុតខ្លួនឯងនៅផ្ទះតាមគេផ្សាយ មានអីកំពុងអ៊ុតៗ ១៥ នាទីក្រោយសក់ជ្រុះគួរឱ្យខ្លាច
ស្រ្តីម្នាក់ទិញថ្នាំអ៊ុតសក់ត្រង់មកអ៊ុតដោយខ្លួនឯងនៅផ្ទះ ព្រោះចង់ចំណេញមិនបាច់ទៅហាង ប៉ុន្តែលទ្ធផលទទួលបានខុសពីការរំពឹងទុកឆ្ងាយ ត្រឹមតែ ១៥ នាទី ក្បាលរបស់នាងស្ទើរតែអស់សក់។
អ្នកប្រើប្រាស់បណ្ដាញសង្គម Tiktok ម្នាក់ជនជាតិថៃ ថ្មីៗនេះបានបង្ហោះសារចែករំលែកបទពិសោធរបស់ខ្លួនពាក់ព័ន្ធនឹងការទិញថ្នាំអ៊ុតសក់ត្រង់មួយប្រភេទមកអ៊ុតសក់ដោយខ្លួនឯង ដោយរំពឹងថានឹងទទួលបានផលដូចពាណិជ្ជកម្ម ប៉ុន្តែផ្ទុយពីការពិតនាងប្រើបានត្រឹមតែ ១៥ នាទី ស្រាប់តែមានអារម្មណ៍ថាក្ដៅក្បាល ចេញរោគសញ្ញាមិនប្រក្រតីលើស្បែកក្បាល ក៏ប្រញាប់លាងវាចេញភ្លាមៗ។
យ៉ាងណាមិញ ស្រ្តីម្នាក់នោះបានឱ្យដឹងទៀតថា នៅពេលនាងទុកវាចោលប្រហែល ១៥ នាទី នាងមានអារម្មណ៍ថា ស្បែកក្បាលរបស់នាងដូចជាចង់ឆេះ ដូច្នេះក៏យកដៃស្ទាបក្បាល ស្រាប់តែឃើញមានសក់ដោយមកតាមដៃ រហូតដល់ពេលមានអារម្មណ៍មិនស្រួលក៏លាងទឹកចេញ សក់របស់នាងស្រាប់តែជ្រុះមកទាំងដុំៗ ធ្វើឱ្យក្បាលនាងឡើងតម្ពែក។
ជាមួយគ្នានេះដែរ ស្រ្តីម្នាក់នេះបានបញ្ជាក់ទៀតថា ពេលកើតមានរឿងនេះភ្លាមៗ នាងក៏បានទាក់ទងទៅអ្នកលក់ថ្នាំនោះ ប៉ុន្តែអ្នកលក់ថ្នាំនោះបាននិយាយថា ពួកគេមិនទទួលខុសត្រូវទេ ទោះបីទទួលខុសត្រូវក៏បានត្រឹមសងលុយវិញតែប៉ុណ្ណោះ ហើយអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិណែនាំនាងដែរថា នាងមិនគួរ ឬ ដាច់ខាតមិនត្រូវទិញថ្នាំមកអ៊ុតសក់ខ្លួនឯងឡើយ យល់ល្អគួរតែទៅហាង ចំណាយលុយឱ្យគេលាបឱ្យទៅ ព្រោះគេមានជំនាញជាង៕