(វីដេអូ) ក្មេងស្រីម្នាក់កើតជំងឺកម្រខុសគេ មួយថ្ងៃកណ្ដាស់ ១២០០០ ដង
ជាធម្មតា យើងគ្រប់គ្នា ពេលដែលផ្ដាសាយ ឬ ក៏អាលែកហ្ស៊ីនឹងអ្វីមួយរហូតរមាស់ច្រមុះ គឺតែងតែកណ្ដាស់ ដើម្បីបានធូរស្រាល តែយ៉ាងណាសម្រាប់ករណីក្មេងស្រីរូបនេះវិញ មានអាការកណ្ដាស់ដែរ ប៉ុន្តែកណ្ដាស់មិនឈប់សោះតែម្ដង។
ក្មេងស្រីម្នាក់ឈ្មោះ Katelyn Thornley បាននិយាយថា បញ្ហាជំងឺដ៏ចម្លែករបស់នាងមួយនេះ គឺធ្វើឱ្យនាងមានការឈឺចាប់ និង លំបាកជាខ្លាំង ដោយសារតែនាងត្រូវកណ្ដាស់ជាប់ ដោយសូម្បីតែពេលយប់ នាងក៏នៅតែកណ្ដាស់តែងកំពុងដេកលក់ក៏មាន។ តាមសម្ដីរបស់ Katelyn បានឱ្យដឹងថា កាលពីនាងអាយុ ១២ ឆ្នាំ នាងបានចាប់ផ្ដើមមានអាការកណ្ដាស់នេះភ្លាមៗ ខណៈនាងដើរចេញពីម៉ោងរៀនឧបករណ៍ការីណែត (clarinet) នាសាលារៀននៅ Texas សហរដ្ឋអាមេរិក។
ពេលនោះដែរ នាងគិតថា ខ្លួនឯងអាចជួបបញ្ហាអាលែកហ្ស៊ី ឬក៏ច្រមុះជួបបញ្ហារលាកអី ហើយវានឹងលែងអីនៅពេលខាងមុខ។ យ៉ាងណាមិញ អាការកណ្ដាស់របស់នាង គឺមិនបញ្ឈប់នោះឡើយ បែរជាកាន់តែអាក្រក់ឡើងថែមទៀត ដោយនាងចាប់ផ្ដើមកណ្ដាស់ឡើងដល់ ២០ ដង ក្នុងពេលត្រឹមមួយនាទី ហើយក្នុងមួយថ្ងៃកណ្ដាស់រហូតដល់ ១២០០០ ដង។
Katelyn ចុងក្រោយ ត្រូវបង្ខំចិត្តឈប់ទៅសាលារៀន និង បោះបង់ការរៀនលេងការីណែតចោល ដោយសារតែជំងឺដ៏ចម្លែករបស់នាងនេះ។ នាង បានជួបពិភាក្សាជាមួយគ្រូពេទ្យដល់ ៦ នាក់ កាលពីខែកញ្ញា ឆ្នាំ ២០១៥ ដែលពួកគេបាននិយាយថា វាបណ្ដាលមកពីបញ្ហាអាលែកហ្ស៊ី និង វត្តមានរបស់វីរុស។
គិតមកទល់ពេលនេះ រយៈពេល ៨ ឆ្នាំមកហើយ មិនទាន់មានការបញ្ជាក់ថ្មីណាមួយពីបញ្ហាសុខភាពរបស់ Katelyn នៅឡើយនោះទេ។ សង្ឃឹមថា សុខភាពរបស់នាងបានល្អប្រសើរ មិនបន្តការកណ្ដាស់ច្រើនដូចមុន៕