(វីដេអូ) នៅចិន កំពុងផ្ទុះល្បីម្ហូបចេញថ្មី ទឹកកកអាំងរោយម្ទេស មនុស្សនាំគ្នាចោមរោមទិញភ្លូកទឹកភ្លូកដី
ថ្មីៗនេះ មុខម្ហូបចេញថ្មីមួយនៅចិន កំពុងតែផ្ទុះការចាប់អារម្មណ៍ និង មនុស្សម្នានាំគ្នាទៅទិញសាកចង់ដឹងរសជាតិគ្រប់គ្នា ដោយមុខម្ហូបនោះ គឺគ្មានសាច់ គ្មានបន្លែអ្វីនោះឡើយ គ្រាន់តែជាដុំទឹកកកតូចៗអាំងជាមួយនឹងម្សៅម្ទេស ឬ ទឹកម្ទេសប៉ុណ្ណោះ។
តាមវីដេអូដែលបានចែកចាយដោយសារព័ត៌មាន SCMP បានបង្ហាញឱ្យឃើញ អ្នកលក់បានដួសយកដុំទឹកកកតូចៗមួយចំនួន ដាក់លើចង្ក្រានអាំងសាច់ រួចយកជក់ជ្រលក់ប្រេងឆាយកមកបៀកពីលើ មុននឹងចាប់ផ្ដើមរោយម្សៅម្ទេស និង ទឹកម្ទេសពីលើបន្ថែម ដែលទៅទំនងគួរឱ្យចង់សាក។
តាមសម្ដីរបស់អតិថិជន ដែលបានភ្លក់ដុំទឹកកកអាំងម្ទេសជាលើកដំបូង បានឱ្យដឹងថា ពួកគេគឺរីករាយមែនទែន ព្រោះនេះជាមុខម្ហូបថ្មីប្លែកមួយ។ ជាញឹកញាប់ ពួកគេតែងសួរទៅកាន់អ្នកលក់ថា៖ «ខ្ញុំគួរតែញ៉ាំពេលវានៅក្ដៅ ក៏ចាំឱ្យត្រជាក់បន្តិច?» ហើយអ្នកលក់ក៏តែងតែឆ្លើយវិញថា៖ «ញ៉ាំវាទាន់វានៅក្ដៅ»។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ដុំទឹកកកអាំងម្ទេសនេះ មួយចានក្រដាសតូចលក់ក្នុងតម្លៃ ១៥ យ័ន (២.១១ ដុល្លារ) ដោយពេញនិយមមែនទែនសម្រាប់យុវវ័យក្នុងប្រទេសចិន៕