ឮសំឡេងប្លែកចេញពីជញ្ជាំងផ្ទះជាង ១៣ ឆ្នាំ តែម្ចាស់ផ្ទះមិនភ័យ ព្រោះមានរឿងពិតបង្កប់ពីក្រោយយ៉ាងនេះ
ជាង ១៣ ឆ្នាំមកហើយ ដែលជញ្ជាំងផ្ទះរបស់គ្រួសារមួយបានបញ្ចេញសំឡេងប្លែកៗរាល់ថ្ងៃ រាល់ម៉ោង ៧ និង ៥០ នាទីល្ងាច តែម្ចាស់ផ្ទះមិនចម្លែកចិត្ត គិតទៅដល់រឿងខ្មោចព្រាយអ្វីនោះទេ ព្រោះដឹងច្បាស់ថាសំឡេងចេញមកមកពីអ្វី។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅផ្ទះមួយនៅសហរដ្ឋអាមេរិក ដោយម្ចាស់ផ្ទះបានឱ្យដឹងថា ជារៀងរាល់ថ្ងៃ នាម៉ោង ៧ និង ៥០ នាទីល្ងាច ជញ្ជាំងផ្ទះតែងឮសំឡេងដូចជាសំឡេងដាស់ឱ្យភ្ញាក់ពីដេក ដែលវាឮបែបនេះមកជាង ១៣ ឆ្នាំហើយ។ បងប្អូនញាតិមិត្តដែលមកលេង ម្នាក់ៗក៏នាំគ្នាឆ្ងល់ ឯអ្នកខ្លះទៀតក៏នាំគ្នាគិតថាជញ្ជាំងនេះមានវិញ្ញាណសណ្ឋិត តែសម្រាប់គ្រួសារម្ចាស់ផ្ទះវិញ ម្នាក់ៗក៏ទម្លាប់អស់ទៅហើយ ព្រោះវាមិនបានទាក់ទងទៅនឹងរឿងអប្បិយជំនឿនោះទេ។
ក្នុងនោះ ម្ចាស់ផ្ទះបានឱ្យដឹងថា តាមពិតទៅកាលពីច្រើនឆ្នាំមុន ផ្ទះនេះត្រូវបានជួសជុលឡើងវិញ ហើយខ្លួនក៏ភ្លេចយកនាឡិកាចេញពីក្នុងនោះ ដំបូងឡើយក៏គិតថាវានឹងអស់ថ្ម តែមិនដឹងហេតុអីវានៅរោទិ៍បានមកជាង ១៣ ឆ្នាំបែបនេះឡើយ។ យ៉ាងណាមិញ ក្រោយមកក៏មានក្រុមហ៊ុនគ្រឿងសង្ហារិមជួយយកនាឡិកាចេញមកវិញបាន តែគ្រួសារនេះសម្រេចចិត្តដាក់ម៉ោងរោទិ៍នៅម៉ោង ៧ និង ៥០ នាទីល្ងាចដដែល៕